ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថាការការពារព្រំដែនអ៊ុយក្រែនជា«អាទិភាពខ្ជាប់ខ្ជួន»មួយនិងថាប្រទេសរបស់លោកត្រៀមជាស្រេចសំរាប់គ្រប់សេណារីយ៉ូជាមួយរុស្ស៊ី និងសម្ពន្ធមិត្តរបស់រុស្ស៊ី គឺបេឡារូស។
ក្នុងសុន្ទរកថាជាវីដេអូពេលយប់ លោកហ្សេឡេនស្គី បាននិយាយថា«ការពារព្រំដែនរបស់យើងទាំងជាមួយរុស្ស៊ីនិងបេឡារូស ជាអាទិភាពខ្ជាប់ខ្ជួនរបស់យើង។យើងកំពុងត្រៀមគ្រប់សេណារីយ៉ូដែលអាចកើតមានទាំងអស់»។
លោកបាននិយាយដូច្នេះនៅមួយថ្ងៃមុនដំណើរទស្សនកិច្ចទៅកាន់បេឡារូសពីសំណាក់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ចំពេលមានការរំពឹងថារុស្ស៊ីនឹងបើកការវាយលុកធំជាថ្មីនៅឆ្នាំក្រោយហើយប្រហែលជាចេញពីបេឡារូសផង។
ក្នុងសុន្ទរកថា លោកហ្សេឡេនស្គីបានចេញការអំពាវនាវជាថ្មីអោយបណ្តាប្រទេសលោកខាងលិចផ្តល់អោយអ៊ុយក្រែននូវសព្វាវុធការពារដែនអាកាស។លោកក៏បាននិយាយថាកងកម្លាំងរបស់លោកកំពុងកាន់កាប់ទីប្រជុំជនបាក់មុតនៅអ៊ុយក្រែនខាងកើត កន្លែងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។
ប្រធានាធិបតីអ៊ុយក្រែនក៏បានបន្ថែមថាចរន្តអគ្គិសនីត្រូវបានស្តារឡើងវិញសំរាប់ប្រជាជនអ៊ុយក្រែនប្រមាណ៣លាននាក់បន្ថែមលើ៦លាននាក់កាលពីមួយថ្ងៃមុនក្រោយការវាយប្រហាររបស់រុស្ស៊ីមួយប្រាវចុងក្រោយលើហេដ្ឋារចនាសម្ពន្ធថាមពល ដែលបណ្តាលអោយដាច់ភ្លើងសំរាប់ប្រជាជនអ៊ុយក្រែន៩លាននាក់អស់ពេលពីរថ្ងៃ។
សូមបញ្ជាក់ថា រុស្ស៊ីបានបាញ់កាំជ្រួចស្រោចលើបណ្តាញចែកចាយនិងផ្គត់ផ្គង់ចរន្តអគ្គិសនីកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងតិចបីនាក់ និងបំផ្លាញទីតាំងថាមពលចំនួនប្រាំបួន៕
ហ្សេឡេនស្គីបានអះអាងថា អគ្គិសនីត្រូវបានស្តារឡើងវិញសំរាប់ប្រជាជនអ៊ុយក្រែន៩លាននាក់នៅរយៈពេលតែពីរថ្ងៃបន្ទាប់ពីការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ពន្ធថាមពលពីសំណាក់កងកម្លាំងរុស្ស៊ី