ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាពមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា,ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ។

សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីទទួលពានរង្វាន់«សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់ អាស៊ីប៉ាស៊ីហ្វិក (KSI)ស្ដីពី “ការបង្កើនទំនាក់ទំនងអាស៊ាន-ចិន”នៅវិមានសន្តិភាព, ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាពមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា, ជាពិសេសសាធារណរដ្ឋប្រជាមានិតចិនដែលត្រូវបានទទួលស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចទី ២ លើសកលលោកបាននោះទេ»។

សម្តេចតេជោបន្តថា៖ជាក់ស្ដែង,កិច្ចសហប្រតិបត្តិការអាស៊ាន-ចិនបានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន»កាលពីឆ្នាំ ២០២១ហើយក៏កំពុងឈានទៅស្ថាបន «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់ថ្មី ៣.០»នាពេលឆាប់ ៗខាងមុខ ។

ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី ១ របស់អាស៊ានដោយពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាននិងចិនបានកើនឡើងរហូតដល់ប្រមាណ៦៦៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើង ២៨ ភាគរយខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស(FDI)ពីចិនមកអាស៊ានមានចំនួន ១៣,៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំ២០២០។ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបីកាលពីខែតុលាកន្លងទៅនេះ, តំបន់ អាស៊ាននឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នាដែលជាអត្រាខ្ពស់,បើប្រៀបធៀបទៅនឹងតំបន់ផ្សេង ទៀតនៃសកលលោក ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានឲ្យដឹងផងដែរថា៖ក្នុងក្របខណ្ឌទ្វេភាគីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ចិនមានការរីកចម្រើនទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច និង សង្គមដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកកាន់តែញឹកញាប់, កំណើនពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍និងកំណើននៃការប្រា ស្រ័យទាក់ទងរវាងប្រជាជន និង ប្រជាជនផងដែរ ។ ជាពិសេសទំនាក់ទំនងរវាងកម្ពុជានិងចិន មានការរីកចម្រើនគួរជាទីមោទនៈរហូតត្រូវបានទទួលស្គាល់ថាជា«មិត្ត ភាព ដែកថែប»ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគីសរុបក្នុងទំហំប្រមាណ ១១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ដែលគិតជាភាគរយមានការកើនឡើង ៣៧ភាគ បើធៀបទៅនឹងឆ្នាំ ២០២០ ។ បន្ថែមលើនេះកម្ពុជាតែងទទួលបានការជួយគាំទ្រ និង ជ្រោម ជ្រែងជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ, ជាពិសេស ក្នុងពេលវេលាដ៏លំបាកបំផុតបណ្តាលមកពីវិបត្តិ ជំងឺកូវីដ-១៩ ដែលបានចូលរួមបង្កលក្ខណៈឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរ និង ជាពិសេសចូលរួមដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម-សេដ្ឋកិច្ច ផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិនគឺជាសមិទ្ធផលដ៏អស្ចារ្យដែលបានផ្ដល់ផលប្រយោជន៍ជាច្រើនមិនត្រឹមតែប្រជាជន ចិនប៉ុណ្ណោះទេប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើនសម្រាប់អាស៊ាននិងកម្ពុជាទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គមនិងភូមិសាស្ត្រនយោ បាយ ។ក្នុងបរិការណ៍ដែលយើងកំពុង បន្តប្រឈមនឹងបញ្ហានិងហានិភ័យកាន់តែច្រើនប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់,ដូចជាការបន្តរាតត្បាតនៃជំងឺកូវីដ-១៩,ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោ បាយ,ការគាំពារនិយម,ភាពមិនប្រាកដប្រជានៃទស្សនវិស័យសេដ្ឋកិច្ចសកល, ការប្រែប្រួលអា កាសធាតុ, ការបន្តបន្ទច់បង្អាក់ចរនៃខ្សែច្រវាក់តម្លៃ និងផលិតកម្ម សកល, សម្តេចមានសង្ឃឹមជឿជាក់ថាកិច្ចសហការអាស៊ាន-ចិន ដែលបាននិងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន -ចិន»និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន- អា ស៊ានទម្រង់ថ្មី ៣.០»នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ឱ្យកាន់ តែមានសក្តានុពលប្រកបដោយថាមវន្តបន្ថែមទៀត ។

សម្តេចតេជោបន្តថាស្ថិតក្នុងបរិការណ៍នេះដែរអាស៊ាន-ចិនត្រូវតែធ្វើការរួមគ្នាដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានលក្ខ ណៈបើកចំហ, តម្លា ភាព,ប្រកបដោយបរិយាបន្ន,បំពេញបន្ថែមនិងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ តួយ៉ាងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)គឺ ជាគំរូដ៏ល្អបំផុតមួយនៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្នដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើងក្នុងការបង្កើ នកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ក្នុងន័យនេះយើងត្រូវបន្ត និង បង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗ ទៀតដើម្បីចាប់យកសក្តានុពលនៃកិច្ចអភិវឌ្ឍរបស់តំបន់ទាំងពីរឱ្យបានជាអតិបរមា ។សម្តេចតេជោឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិនក្នុងការ រក្សាមជ្ឈភាពនិងឯកភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍនិងការលើកកម្ពស់ការសំយោគពង្រឹងគ្នាទៅវិញទៅមកក្នុងចំណោមយន្តការដែលដឹកនាំ ដោយអាស៊ាន ។

ទន្ទឹមនេះដែរសម្តេចតេជោក៏បានលើកឡើងថា៖ អាស៊ាន និង ចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្មការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម ក្នុងតំបន់ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល កំណើន បៃតង, អន្តរកាលថាមពល និង ការបង្កើនសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និង មធ្យម (MSMEs)ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី, និង ជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយមក្នុងការដោះ ស្រាយរាល់នូវបញ្ហានានា ៕