ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖ចិននៅថ្ងៃចន្ទនេះបានរាយការណ៍មនុស្សស្លាប់ពីរនាក់ដោយជំងឺកូវីដ១៩ដែលនាំអោយចំនួនស្លាប់សរុបដោយកូវីដនៅពេលបីឆ្នាំមកនេះឡើងដល់៥.២៣៧នាក់ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការសុខាភិបាលជាតិ។
គណៈកម្មាធិការខាងលើក៏បានប្រកាសអ្នកឆ្លងចេញរោគសញ្ញាថ្មីចំនួន១.៩៩៥នាក់សំរាប់ថ្ងៃ១៨ធ្នូ បន្ទាប់ពីឆ្លង២.០៩៧នាក់កាលពីមួយថ្ងៃមុន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ១៨ធ្នូ ចិនមានអ្នកឆ្លងកូវីដ១៩ចេញរោគសញ្ញាសរុបត្រឹម៣៨០.៤៥៣នាក់ប៉ុណ្ណោះ គឺទាបជាងចំនួនឆ្លងរបស់ប្រទេសដទៃទៀតភាគច្រើននៅក្នុងលោក។
យោងតាមរបាយការណ៍សារព័ត៌មាន ចំនួនអ្នកស្លាប់ដោយកូវីដ១៩ត្រូវបានគេឃើញនៅតាមសាលតម្កល់សពនិងកន្លែងបូជាសពកាន់តែច្រើននៅក្រុងប៉េកាំងទោះជាចិនមិនបានផ្សាយតួលេខស្លាប់ដោយជំងឺនេះអស់ពេលពីរសប្តាហ៍មកហើយក្តី។
បុគ្គលិកនៅកន្លែងបូជ្ញាសពនៅក្រុងប៉េកាំងមួយបានប្រាប់សារព័ត៌មានFinancial Timesថា ពួកគេបានដុតសពកូវីដ១៩យ៉ាងតិច៣០កាលពីថ្ងៃពុធនៅពេលសាច់ញាតិរបស់សពម្នាក់បាននិយាយថាសមាជិកគ្រួសាររបស់គេបានឆ្លងកូវីដ។ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយថា ផ្ទះបុណ្យសពនៅក្រុងប៉េកាំងកំពុងជោរជន់ដោយសាកសព។
ផ្ទះបុណ្យសពThe Beijing Dongjiao Funeral Home បានបូជាសព១៥០កាលពីថ្ងៃពុធ ក្នុងនេះ៣០ទៅ៤០ជាសពអ្នកកើតកូវីដ១៩ នេះបើតាមបុគ្គលិកសុំមិនបញ្ចេញឈ្មោះម្នាក់ប្រាប់Financial Times។
ចិនមិនបានរាយការណ៍មនុស្សស្លាប់ដោយកូវីដចាប់តាំងពីថ្ងៃ៤ធ្នូ ពេលដែលមនុស្ស២នាក់ត្រូវបានរាយការណ៍ថាស្លាប់ដោយជំងឺនេះ។អ្នកស្លាប់ដោយកូវីដ១៩ចុងក្រោយដែលត្រូវបានរាយការណ៍នៅក្រុងប៉េកាំងគឺនៅថ្ងៃ២៣វិច្ឆិកា ។វាកើតលើស្ត្រីវ័យ៨៧ឆ្នាំម្នាក់ ដែលអាជ្ញាធរថាមានជំងឺបេះដូងរ៉ាំរ៉ៃ។
សូមបញ្ជាក់ថាចិនកាលពីសប្តាហ៍មុនបានឈប់រាយការណ៍ចំនួនឆ្លងកូវីដមិនចេញរោគសញ្ញា ដែលវាធ្លាប់តែជាចំណែកធំជាងគេនៃការឆ្លងប្រចាំថ្ងៃនៅចិន៕