ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កីឡាករ លីអូនែល ម៉េសស៊ី ដែលពាក់ឈុតរ៉ូបកាតាពណ៌ខ្មៅលើអាវអាហ្សង់ទីនពណ៌ខៀវឆ្នូតសរបស់ខ្លួន បានថើបពានវើលខាប់ រត់សំដៅមិត្តរួមក្រុមហើយលើកពានមាសទៅលើមេឃ។
វាជាទិដ្ឋភាពដ៏អស្ចារ្យ ដែលនៅទីបំផុតបានដាក់កំពូលតារាបាល់ទាត់រូបនេះទៅក្នុងបញ្ជីកីឡាករអស្ចារ្យបំផុតនៅវើលខាប់។
អាជីពមួយជំនាន់របស់ម៉េសស៊ីត្រូវបានបញ្ចប់ ៖ គាត់គឺជាជើងឯកវើលខាប់។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលប្រហែលល្អមើលបំផុតក្នុងប្រវត្តិសាស្ត្រ ៩២ ឆ្នាំនៃវើលខាប់ អាហ្សង់ទីនបានឈ្នះពានវើលខាប់ជាលើកទីបីរបស់ខ្លួនដោយយកឈ្នះបារាំង ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ ៣-៣ ដែលមានពីរគ្រាប់ពីម៉េសស៊ីវ័យ ៣៥ ឆ្នាំ និងបីគ្រាប់ពីកីឡាករទំនងជាអ្នកស្នងតំណែងពីគាត់ គឺ ខ្សែប្រយុទ្ធបារាំង កាយលៀន អឹមបាប៉េ (Kylian Mbappé)។
ម៉េសស៊ីបាននិយាយថា “វាពិតជារឿងឆ្កួតមែនដែលវាក្លាយជាការពិត។ ខ្ញុំចង់បានពាននេះខ្លាំងណាស់។ ខ្ញុំដឹងថាព្រះនឹងនាំយកអំណោយនេះមកឱ្យខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ពានវើលខាប់គឺជាអំណោយព្រះ”។
ក្នុងពេលកំពុងមានភាពច្របូកច្របល់នៅក្នុងកីឡដ្ឋាន Lusail អឹមបាប៉េបានប្រឹងអស់ពីសមត្ថភាពដើម្បីយកគំរូតាមប៉េឡេ ស្តេចបាល់ទាត់របស់ប្រេស៊ីលក្នុងនាមជាម្ចាស់ជើងឯកក្នុងការប្រកួតវើលខាប់ពីរលើកដំបូងរបស់គេ។ រូបគេថែមទាំងបានស៊ុតបញ្ចូលទីបីគ្រាប់ម្នាក់ឯងជាលើកដំបូងក្នុងវគ្គផ្តាច់ព្រ័ត្រចាប់តាំងពីកីឡាករ ជេហ្វ ហឺស (Geoff Hurst) ស៊ុតបីគ្រាប់សម្រាប់អង់គ្លេសក្នុងឆ្នាំ ១៩៦៦ ទៀតផង។ តែវាមិនគ្រប់គ្រាន់ដើម្បីជួយបារាំងឈ្នះពានវើលខាប់ជាលើកទីពីរនោះទេ។
ឥឡូវនេះលែងមានការពិភាក្សាអីទៀតទេ។ ម៉េសស៊ីបានចូលរួមក្នុងក្លិបកីឡាករអស្ចារ្យគ្រប់សម័យកាល រួមជាមួយប៉េឡេ ដែលជាម្ចាស់ជើងឯកវើលខាប់បីសម័យកាល និង ឌីហ្គោ ម៉ារ៉ាដូណា ដែលជាអតីតកីឡាករអាហ្សង់ទីនដ៏អស្ចារ្យដែលម៉េសស៊ីត្រូវគេយកមកប្រៀបធៀបជាញឹកញាប់នោះ៕
ម៉េសស៊ីឥឡូវជាប់ក្នុងបញ្ជីកីឡាករអស្ចារ្យរួមជាមួយប៉េឡេនិងម៉ារ៉ាដូណា ក្រោយអាហ្សង់ទីនឈ្នះពានវើលខាប់
ប្រជាជនអាហ្សង់ទីនផ្ទុះការអបអរក្រោយក្រុមជំរើសជាតិរបស់គេយកឈ្នះក្រុមបារាំងនៅការប្រកួតWorld Cupវគ្គផ្តាច់ព្រាត់