ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) បានសម្ដែងសុទិដ្ឋិនិយម ជុំវិញដំណើរទស្សនកិច្ច ពហុកីឡដ្ឋានជា មរតកតេជោ ជាទីដែលបម្រើដល់ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក Osoth Bhavilai បានមានប្រសាសន៍ថាៈ ការត្រួតពិនិត្យគ្រប់ទីលានប្រកួត បើទោះបីជាមានទីលានខ្លះ ជួសជុលឡើងវិញ ប៉ុន្តែវាបន្តិចបន្តួចប៉ុណ្ណោះ។ អ្វីដែលប្រសើរនោះ គឺវានៅកៀកកន្លែងស្នាក់នៅ​ដែលអត្តពលិក អាចធ្វើដំណើរថ្មើរជើង ទៅទីលានប្រកួត ដោយងាយស្រួល។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុម័តប្រភេទកីឡា រួចរាល់ហើយ ដោយសម្រេចយកកីឡា ១៣ ប្រភេទ រួមនឹងកីឡាសម្ដែង១ប្រភេទ ក្នុងនោះ ផងដែរ ទីលានប្រកួតចំនួន១៣ គឺមាន ១១ ទីលាន នឹងធ្វើការប្រកួត នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ និង ២ទីតាំងផ្សេងទៀត ប្រកួតនៅក្រៅពីពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងចំណោម ១៣ ប្រភេទកីឡា មាន ១១ ប្រភេទ ដែលយើងទទួលយកបាន ប៉ុន្តែនៅតែប៊ូស្យា (Bocia) និងបាល់បោះពិការភ្នែក (Goalball) ប៉ុណ្ណោះ ដែលយើងមិនទាន់បានឃើញពីការ
ជួសជុល ក៏ដូចជាទីលានប្រកួត។

ជុំវិញភូមិកីឡា ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន សញ្ជាតិថៃរូបនេះ បានបន្តឲ្យដឹង ទៀតថាៈ យើងព្រួយបារម្ភ អំពីជណ្ដើរយន្ត។ ថាតើមានជណ្ដើរយន្ដប៉ុន្មាន? ទោះបីជាយ៉ាង ណា ដោយសារភូមិកីឡា នៅជិតទីតាំងប្រកួត ដូច្នេះយើងមិនចាំបាច់មានការដឹកជញ្ជូន ពីកន្លែងមួយទៅកន្លែងមួយទេ។ ពួកគាត់មួយចំនួន អាចធ្វើដំណើរថ្មើរជើង ពីភូមិកីឡា ទៅទីលានប្រកួតបាន។ បញ្ហាព្រួយបារម្ភមួយទៀតរបស់យើង គឺបញ្ហាទំហំទ្វារបន្ទប់ទឹក ថាតើរទេះរបស់អត្តពលិក អាចចូលបាន ឬយ៉ាងណា ពីព្រោះយើងមិនទាន់បានឃើញ នៅឡើយ ដូច្នេះយើងសង្ឃឹមថា បានឃើញទំហំទ្វារស្ដង់ដារ។

លោកប្រធាន APSF បានសម្ដែងសុទិដ្ឋិនិយមថា កីឡដ្ឋាន និងទីលានប្រកួត ភាគច្រើន គឺថ្មី ដែលមិនមែនជាកង្វល់ធំឡើយ។ អ្វីដែលសំខាន់ លោកត្រូវការការធ្វើការ ឲ្យបានកាន់តែជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិ រៀបចំអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) ដើម្បីអាចធ្វើឲ្យ ការរៀបចំ បានកាន់តែល្អប្រសើរ។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងធ្វើឡើងពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕ V / N