ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖អ្នកការទូតជើងចាស់អាម៉េរិកលោក ហេននី ឃីសស៊ីងហ្គ័រ (Henry Kissinger)បាននិយាយថាពេលវេលាកំពុងខិតទៅរកសន្តិភាពនៅអ៊ុយក្រែនមួយតាមរយៈការចរចាដើម្បីកាត់បន្ថយហានិភ័យនៃសង្គ្រាមលោកដ៏បំផ្លិចបំផ្លាញមួយលើកទៀត តែរដ្ឋាភិបាលទីក្រុងគៀវបានច្រានចោលការលើកឡើងរបស់លោកដោយចាត់ទុកវាជាការ«បំពេញចិត្តពួកឈ្លានពាន»និងបាននិយាយថា មិនអាចមានកិច្ចព្រមព្រៀងណា ពាក់ព័ន្ធនឹងការប្រគល់ទឹកដីអ៊ុយក្រែនឡើយ។
លោក ឃីសស៊ីងហ្គ័រ ស្ថាបនិកនៃគោលនយោបាយបន្ធូរបន្ថយសង្គ្រាមត្រជាក់ជាមួយសហភាពសូវៀតកាលពីលោកនៅជារដ្ឋមន្ត្រីការបរទេសអាម៉េរិក បានជួបប្រធានាធិបតីរុស្ស៊ីជាច្រើនលើចាប់តាំងពីលោកពូទីនក្លាយជាប្រធានាធិបតីរុស្ស៊ីដំបូងនៅឆ្នាំ២០០០។លោកបានព្រមានថា បំណងចង់អោយរុស្ស៊ីខ្វិនលែងមានអំណាច ឬរំលាយរុស្ស៊ីចោល អាចបង្កភាពវឹកវរធំ។
សូមបញ្ជាក់ថា ក្រោយរុស្ស៊ីបើកប្រតិបត្តិការយោធាចូលប្រទេសក្បែរខាងអ៊ុយក្រែនកាលពីថ្ងៃ២៤កុម្ភៈ ឥឡូវមិនមានសញ្ញាណាមួយបង្ហាញថាជម្លោះនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗទេ។ក្រោយធ្វើសង្គ្រាមអស់ដប់ខែ សម្លាប់មនុស្សរាប់ម៉ឺននាក់និងបង្ខំអោយមនុស្សរាប់លាននាក់ចាកចោលផ្ទះសម្បែងរបស់គេ រុស្ស៊ីឥឡូវកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណមួយភាគប្រាំ។
រដ្ឋាភិបាលទីក្រុងមូស្គូនិយាយថា រដ្ឋាភិបាលទីក្រុងគៀវត្រូវតែទទួលស្គាល់ការកាត់យកទឹកដីអ៊ុយក្រែននៅភាគខាងកើតនិងខាងត្បូងទៅជាផ្នែកមួយនៃទឹកដីរុស្ស៊ី តែអ៊ុយក្រែនតបវិញថាទាហានរុស្ស៊ីត្រូវតែដកចេញពីទឹកដីរបស់ខ្លួនទាំងអស់ រួមទាំងតំបន់គ្រីម៉េដែលរុស្ស៊ីកាត់យកនៅឆ្នាំ២០១៤ផង សំរាប់ការចរចារកសន្តិភាពណាមួយអាចកើតមាន។
លោកឃីសស៊ីងហ្គ័របានសរសេរចុះផ្សាយក្នុងទស្សនាវដ្តីដឹ ស្ពិកថេធឺ(The Spectator)ថា «ពេលវេលាកំពុងខិតទៅរកការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ដែលបានធ្វើអោយសំរេចរួចហើយនិងបញ្ចូលវាទៅក្នុងរចនាសម្ពន្ធថ្មីមួយឆ្ពោះទៅការសំរេចបានសន្តិភាពតាមការចរចាគ្នា។ដំណើរការចរចារកសន្តិភាពណាមួយគួរភ្ជាប់អ៊ុយក្រែនទៅអង្គការណាតូ ។ជំរើសនៅជាអព្យាក្រិតលែងមានន័យទៀតហើយ។នេះជាវិធីបញ្ចៀសសង្គ្រាមលោកមួយទៀត»។
ឃីសស៊ីងហ្គ័របាននិយាយថា កាលពីខែឧសភាលោកបានស្នើអោយមានបទឈប់បាញ់គ្នាមួយ ដោយក្រោមកិច្ចព្រមព្រៀងនេះរុស្ស៊ីដកទ័ពចេញពីសមរភូមិមុខទៅកាន់ទីតាំងមុនការឈ្លានពានថ្ងៃ២៤កុម្ភៈ តែគ្រីម៉េទុកអាចជាកម្មវត្ថុនៃការចរចា។
តាមពិតជម្លោះនៅអ៊ុយក្រែនខាងកើតបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ក្រោយប្រធានាធិបតីអ៊ុយក្រែនគាំទ្ររុស្ស៊ីម្នាក់ត្រូវបានទម្លាក់ចេញពីតំណែងក្នុងចលនាបដិវត្តន៍មួយរបស់អ៊ុយក្រែន និងរុស្ស៊ីបានដាក់គ្រីម៉េជាឧបសម្ពន្ធរបស់ខ្លួន ចំពេលកងកម្លាំងផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីកំពុងប្រយុទ្ធទល់នឹងកងកម្លាំងអ៊ុយក្រែននៅខាងកើតប្រទេស។
ជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក មីខាអ៊ីឡូ ប៉ូដូលយ៉ាក( Mykhailo Podolyak)បាននិយាយថា«លោកឃីសស៊ីងហ្គ័រ នៅតែមិនយល់អ្វីសោះ…សូម្បីលក្ខណៈនៃសង្គ្រាមនេះ និងផលប៉ះពាល់លើសណ្តាប់ធ្នាប់ពិភពលោក។ការពណ៌នារបស់អតីតរដ្ឋមន្ត្រីការបរទេសនេះ គ្រាន់តែជាការបំពេញចិត្តពួកឈ្លានពានដោយសុខចិត្តលះបង់ទឹកដីអ៊ុយក្រែនមួយផ្នែកជាមួយនឹងការធានាថាមិនមានការឈ្លានពានប្រឆាំងរដ្ឋនានានៅអឺរ៉ុបខាងកើត»។
លោកបានបន្ថែមថា «គ្រប់អ្នកគាំទ្រដំណោះស្រាយងាយៗទាំងឡាយគួរចាំច្បាស់ថា ៖កិច្ចព្រមព្រៀងណាមួយជាមួយបិសាច សន្តិភាពគម្រក់ណាមួយដោយសុខចិត្តលះបង់ទឹកដីអ៊ុយក្រែននឹងជាជ័យជម្នះសំរាប់ពូទីន និងពួកជនផ្តាច់ការនៅជុំវិញពិភពលោក»តែប៉ុណ្ណោះ៕
លោកឃីសស៊ីងហ្គ័រ ដែលឥឡូវវ័យ៩៩ឆ្នាំ បានលើកឡើងថាបើវាមិនអាចវិលទៅកាន់ស្ថានភាពមុនឆ្នាំ២០១៤បានទេ ការបោះប្រជាមតិនៅក្នុងទឹកដីអ៊ុយក្រែនដែលរុស្ស៊ីបានវាយកាន់កាន់ក្រោការត្រួតពិនិត្យដោយអន្តរជាតិជាជំរើសមួយ