ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្នុងពេលបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រវើលខាប់ដ៏ជក់ចិត្តបំផុតក្នុងប្រវត្តិសាស្ត្រត្រូវបានយកឈ្នះដោយអាហ្សង់ទីន លីអូនែល ម៉េសស៊ីត្រូវបានម្តាយដ៏រីករាយស្ទុះមកឱបនៅលើទីលាន បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានឈ្នះពានរង្វាន់មួយដែលតែងតែគេចពីរូបគាត់ក្នុងអាជីពរបស់គាត់។
លោកស្រី សេលីយ៉ា ម៉ារីយ៉ា ឃូស៊ីតធីនី (Celia Maria Cuccittini) ត្រូវបានកាមេរ៉ាចាប់ជាប់ក្នុងឈុតអាហ្សង់ទីនប្រញាប់រត់ទៅរកកូនប្រុសទាំងទឹកភ្នែក។ ម៉េសស៊ីកំពុងមើលកន្លែងផ្សេង ខណៈលោកស្រីសំដៅទៅរកគាត់ ហើយអារម្មណ៍រំជួលចិត្តដែលលោកស្រីមានចំពោះកូនពេលម៉េសស៊ីមើលឃើញគាត់ក្នុងនាមជាម្ចាស់ពានវើលខាប់លើកដំបូងត្រូវបានថតជាប់លើកាមេរ៉ា។
ម៉េសស៊ីស៊ុតចូលពីរគ្រាប់ក្នុងការប្រកួតនិងមួយគ្រាប់ទៀតពីការស៊ុតបាល់ប៉េណាល់ទី ខណៈអាហ្សង់ទីនលេងបានត្រឹមស្មើ ៣-៣ ជាមួយបារាំង បន្ទាប់ពីម៉ោងបន្ថែម មុនពេលឈ្នះ ៤-២ដោយការស៊ុតបាល់ប៉េណាល់ទី។ មិត្តរួមក្រុមរបស់ម៉េសស៊ីនៅ Paris Saint-Germain គឺ កាយលៀន អឹមបាហ្វេ (Kylian Mbappe) ស៊ុតបានបីគ្រាប់ (Hat-trick) ឱ្យបារាំងប៉ុន្តែនៅតែស្ថិតក្នុងក្រុមចាញ់។
នៅចន្លោះពេលបញ្ចប់ការប្រកួតនិងការលើកពាន កូនៗរបស់ម៉េសស៊ីក៏បានឡើងលើទីលានដែរ។ គាត់មានកូនប្រុសបីនាក់ ឈ្មោះ ធីអាហ្គោ (Thiago) ម៉ាតេអូ (Mateo) និងស៊ីរ៉ូ (Ciro) ជាមួយនឹងគូស្នេហ៍វ័យកុមាររបស់គាត់ គឺនាង អានតូនែលឡា រ៉ូកូសហ្សូ (Antonella Roccuzzo) ។
ឈុតឆាករំជួលចិត្តនេះបានកើតឡើងបន្ទាប់ពីការប្រកួតវើលខាប់វគ្គផ្ដាច់ព្រ័ត្រដ៏រំភើបបំផុតមិនធ្លាប់មាន។ ម៉េសស៊ីបានស៊ុតបាល់ប៉េណាល់ទីជួយអាហ្សង់ទីននាំមុខមុននៅតង់ទីមួយ មុនពេលកីឡាករអេនជែល ឌី ម៉ារៀ (Angel di Maria) រកបានគ្រាប់ទីពីរពីការញាក់បាល់យ៉ាងអស្ចារ្យ។
សម្រាប់តង់ទីពីរភាគច្រើន វាហាក់ដូចជាអាហ្សង់ទីនត្រៀមលើកពានទៅហើយ ប៉ុន្តែការពិន័យបាល់១១ម៉ែត្រនៅនាទីទី ៨០ សម្រាប់អឹមបាប៉េបានជំរុញឱ្យបារាំងមានសកម្មភាពវាយបកឡើងវិញ។
បន្ទាប់មក មួយនាទីក្រោយមក អឹមបាប៉េបានស៊ុតតាមស្មើដើម្បីបញ្ជូនការប្រកួតទៅក្នុងម៉ោងបន្ថែម ជាហេតុធ្វើឱ្យម៉េសស៊ីនិងអាហ្សង់ទីនបារម្ភ។ ប៉ុន្តែម៉េសស៊ីបានស៊ុតនាំមុខមុននៅនាទី១០៨។ ជាលើកទីពីរ វាហាក់ដូចជាអាហ្សង់ទីនហៀបនឹងលើកពានសាជាថ្មី ប៉ុន្តែបារាំងបានវាយបកតាមស្មើម្តងទៀត។
អឹមបាប៉េបានស៊ុតបាល់ប៉េណាល់ទីបានសម្រេច បន្ទាប់ពីបាល់ប៉ះដៃកីឡាករអាហ្សង់ទីនក្នុងតំបន់គ្រោះថ្នាក់ក្នុងម៉ោងបន្ថែម។
ម៉េសស៊ី និង អឹមបាប៉េ បានស៊ុតបាល់ប៉េណាល់ទីទីមួយចូលដូចគ្នា ប៉ុន្តែឃីងស្លេ ខូមែន (Kingsley Coman) និង អូរេលៀន ឈូអាមេនី (Aurelian Tchouameni) ស៊ុតមិនចូលសម្រាប់បារាំង ខណៈអាហ្សង់ទីនឈ្នះប៉េណាល់ទី ៤-២៕
ម្តាយ និងប្រពន្ធព្រមទាំងកូនៗម៉េសស៊ីស្ទុះឱបម៉េសស៊ី ក្រោយអាហ្សង់ទីនឈ្នះវើលខាប់