​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក តែម ម៉ឺន បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ថា «​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក IPCC គឺ​សំដៅ​ចូលរួមចំណែក​ជ្រើសរើស និង​ពង្រឹងសមត្ថភាព កីឡាករ​ប្រដាល់​គុន​ខ្មែរ ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះទៅកាន់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​»​។​

មហា​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ ប្រចាំ​ប្រទេស​រដូវ​កាល​ទី​២ នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២២​តទៅ មាន​លក្ខណៈ​កាន់តែ​ធំ​អស្ចារ្យ​ជាមួយនឹង​ការបន្ថែម​ការប្រគំ​តន្ត្រី រយៈពេល​១​ថ្ងៃក្រោយ​ប្រកួត ក៏ដូចជា​ការបន្ថែម​ទីតាំង​ថ្មី​មួយចំនួន​ដែលមាន​ភាព​ទាក់ទាញ​សម្រាប់​អ្នកទស្សនា​។​

​លោក​បន្ថែមថា ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជា​លក្ខណៈ​ជាតិ​បាន​ចូលរួម​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​រីកចម្រើន​លើ​គ្រប់​វិស័យ លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ បង្កើត​ប្រាក់ចំណូល ចូលរួម​ជាមួយ​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់គុន​បុរាណ​ខ្មែរ​ដែលជា​សម្បត្តិ​វប្បធម៌​ជាតិ ព្រមទាំង​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី គ្រូបង្វឹក កីឡាករ កីឡា​ការ​នី ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការប្រកួត​ជាតិ និង​អន្តរជាតិ ជាពិសេស​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ដោយឡែក​លោក គឹម​ស្រ៊ុន កុសល តំណាង IPCC ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹង​ដែរ​ថា ក្រោយពី​សម្គាល់​ឃើញថា​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​មានការ​និយម​គាំទ្រ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា យើង​ក៏បាន​ព្យាយាម​បង្កើត​កម្មវិធី​ប្រដាល់​កាន់តែ​កក្រើក និង​កាន់តែខ្លាំង​សាក​សម​កិត្តិនាម គុន​បុរាណ​ខ្មែរ ដែល​ស្ថានភាព​បែបនេះ​បង្ហាញ​ពី​ភាពខ្លាំង​ដូចគ្នា​ទៅនឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ដែលមាន​ភាព​ពេញនិយម​ទូទាំងប្រទេស ប្រៀប​ដូច​កីឡាករ​គុន​ខ្មែរ​ពោ​ពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ​ដើម្បី​ដណ្តើម​ខ្សែក្រវ៉ាត់​ជាតិ​-​អន្តរជាតិ International Professional Combat Council (IPCC) ជម្រុះ​វិលជុំ​តាម​បណ្តា​ខេត្ត​-​រាជធានី​និង​ត្រៀម​ចេញទៅ​ប្រកួត​កំរិត​អន្តរជាតិ​បន្ត​នៅក្រៅ​ប្រទេស​»​។​

​អ្នកឧកញ៉ា លាង ម៉េង ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ម្ចាស់​ឧបត្ថម្ភ​ផ្តាច់មុខ​សម្រាប់​ព្រឹត្តិការណ៍ នេះ បានឱ្យដឹងថា រដូវ​កាល​ទី​២​នេះ​មាន​លក្ខណៈពិសេស​ប្លែក​ជាង​រដូវ​កាល​ទី​១ ដោយ​យើង​នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍ ២​ថ្ងៃ ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​រយៈ​១​ថ្ងៃ និង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក IPCC រយៈ​១​ថ្ងៃ ដើម្បី​ផ្ដល់ជូន​បទពិសោធ​នៃ​ការកម្សាន្ត​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​ដល់​បងប្អូន​នៅតាម​បណ្តា​ខេត្ត​»​។​

​អ្នកឧកញ៉ា បាន​បន្តទៀតថា​រាល់​កីឡាករ​បាន​ចូលរួម​នឹង​ទទួលបាន​ប្រាក់រង្វាន់​ទាំងអស់គ្នា​៖ កីឡាករ​ជ័យលាភី​លេខ ១ ទទួលបាន​ប្រាក់រង្វាន់ ៤៨​លាន​រៀល​, កីឡាករ​ជ័យលាភី​លេខ ២ ទទួលបាន​ប្រាក់រង្វាន់ ២៤​លាន​រៀល​, កីឡាករ​ជ័យលាភី​លេខ ៣ ទទួលបាន​ប្រាក់រង្វាន់ ១២​លាន​រៀល​, កីឡាករ​ជ័យលាភី​លេខ ៤ ទទួលបាន​ប្រាក់រង្វាន់ ៨​លាន​រៀល​។

​លោក​បាន​បន្តថា សម្រាប់​កីឡាករ​ផ្សេងទៀត​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏មាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ​ទទួលបាន ៤​លាន​រៀល​
​ទន្ទឹមនឹងនេះ កីឡាករ​ក៏បាន​សម្តែង​ក្ដី​រីករាយ និង​ការប្តេជ្ញា​ក្នុងការ​ប្រកួត​អស់ពី​សមត្ថភាព​ដើម្បី ដណ្តើម​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ក្នុងការ​បោះជំហាន​បន្ត​ឆ្ពោះទៅ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅលើ​ឆាក​អន្តរជាតិ​បន្ត​។​

​មហា​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស នឹងត្រូវ​ធ្វើឡើង​នៅ​ទីតាំង​១២​ផ្សេងគ្នា​ដោយ​ការចាប់ផ្តើម​កម្មវិធី​ដំបូង​នៅ​ខេត្តពោធិ៍សាត់​ថ្ងៃទី​២៤ ធ្នូ រួច​បន្ត​ទៅកាន់​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល​ក្នុង​រាជធានី​ភ្នំពេញ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ទឹកដី​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​។​

​សម្រាប់​រដូវ​កាល​ទី​២​នេះ មាន​ទីតាំង​ថ្មី​បន្ថែមចំនួន ៤​រួមមាន​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ ខេត្ត​ត្បូងឃ្មុំ ខេត្តតាកែវ និង​ខេត្តកំពត​ដែល​សុទ្ធតែជា​ទីតាំង​ដ៏​ល្អ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​នេះ​ធ្វើឱ្យ​រដូវ​កាល​ថ្មី​នេះ​កាន់តែ​ទាក់ទាញ​៕.mara