​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាង​កាលពី​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ​២០២២ ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ៤ ដែលមាន​ទីតាំងនៅ តាកែវ ២​កន្លែង នៅ​រាជធានី និង នៅ​កំពង់ចាម​។​

​ប្រភព​ដដែល​បាន​អះអាងថា រោងចក្រ​ទីមួយ គឺ PHOENIX FASHION (CAMBODIA) GARMENT CO., LTD លើ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅលើ​ក្បាលដី​លេខ​៨៦៥ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៣៥៨​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្តថា រោងចក្រ​ច​ទី​ពីរ គឺ AW CASHMERE (CAMBODIA) CO., LTD លើ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.១១៧​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្ថែមថា រោងចក្រ​ទី​បី គឺ SUPERCAN (CAMBODIA) CO., LTD លើ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលំ ភូមិ​រោល​ជ្រូក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ​៥,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២៦៤​កន្លែង និង ទី​បួន XN FU INDUSTRIAL CO., LTD លើ គម្រោង​បង្កើត​រោងចក្រ​ផលិត​ឆត្រ អាវ​ភ្លៀង ថង់​យួរដៃ ស្រោមដៃ និង​កន្សែងពោះគោ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៧ ភូមិ​តាំងគោក ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៤១​កន្លែង​៕.mara