ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អេសស៊ីជី (SCG) ដែលជា ក្រុមហ៊ុនពហុសាជីវម្មមួយ បានផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យ និងនិស្សិត សាកលវិទ្យាល័យចំនួន ២៧០ នាក់ ជាថ្មីម្ដងទៀត នៅក្នុងដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែករំលែកក្ដីសុបិន” របស់ខ្លួន ដែលធ្វើ ឲ្យ ចំនួន សិស្ស និង និស្សិតទទួលអាហារូបករណ៍ ពីកម្មវិធី របស់ក្រុមហ៊ុន កើនឡើងដល់ជាង ១.៥០០ នាក់ ក្រោយពេល អនុវត្ត អស់រយៈពេល ៩ ឆ្នាំមកនេះ ។
ក្នុងឆ្នាំនេះ អេសស៊ីជី ផ្ដល់កញ្ចប់អាហារូបករណ៍ចំនួន ២៧០ នាក់ ដែលក្នុងនោះ ២៥០ នាក់ជា សិស្ស វិទ្យាល័យ ចំណែកឯ ២០ នាក់ផ្សេងទៀត ជា និស្សិត ដែលកំពុង បន្តការ សិក្សា របស់ខ្លួននៅ សាកលវិទ្យាល័យនានា។
លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) អគ្គនាយក ក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា ការអប់រំត្រូវបានចាត់ទុកថាជាគោលដៅ មួយ ក្នុង ចំណោម គោលដៅធំបីនៃ ការងារទំនួល ខុស ត្រូវសង្គម ពីក្រុមហ៊ុន អេស ស៊ីជី ដែលការងារគោលដៅពីរ ផ្សេងទៀត រួមមាន ការថែទាំសុខភាព & សុខុមាលភាព និងបរិស្ថាន។

លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី មានប្រសាសន៍ថា៖ “ក្រុមហ៊ុន មានការ ប្ដេជ្ញាចិត្ត ក្នុងការ បង្កើនគុណភាព ជីវិត របស់ប្រជាពលរដ្ឋ នៅក្នុង ប្រទេសដែលយើងធ្វើប្រតិបត្តិការ ហើយការគាំទ្រ ដល់វិស័យអប់រំ គឺជា ការងារសំខាន់មួយ ដើម្បីសម្រេច តាមវត្ថុបំណង មួយនេះ ។ ដូច្នេះ យើងជឿថា ការ គាំទ្រ ផ្នែកហិរញ្ញវត្ថុ សម្រាប់សិស្ស និង និស្សិតអាហារូបករណ៍ ទាំងអស់នេះ នឹងធ្វើឲ្យពួកគេ មានអារម្មណ៍ ស្ងប់ និងអាច ផ្ដោតអារម្មណ៍ លើការ បន្តការ សិក្សា របស់ខ្លួន ដោយ ពុំចាំបាច់បារម្ភពីសម្ពាធហិរញ្ញវត្ថុឡើយ។ យើងសង្ឃឹមថា តាមរយៈដំណើរការយុទ្ធនាការអាហារូបករណ៍ “ចែក រំលែកក្ដីសុបិន” នេះ សិស្ស និងនិស្សិត នឹង អាច សម្រេចក្ដីសុបិន របស់ខ្លួនទៅថ្ងៃអនាគត” ។

ពិធីប្រគល់អាហារូបករណ៍ មានការចូលរួមជាអធិបតី ដោយ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សោម រតនា និង ឯកអគ្គរាជទូត ព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោក ឈើដគៀត អត្ថកន ។

លោក សោម រតនា មានប្រសាសន៍ថា បណ្ដា ក្រុមហ៊ុនឯកជន មានដូចជា អេសស៊ីជី ជាដើម សុទ្ធតែដើរ តួនាទីសំខាន់ នៅ ក្នុងការ ជួយគាំទ្រ ដល់ការងារ របស់រាជរដ្ឋាភិបាល លើ វិស័យអប់រំ នៅ ក្នុង ប្រទេស ។

លោកមានប្រសាសន៍ថា៖ “ការផ្ដល់អាហារូបករណ៍នេះ គឺជារឿងសំខាន់ណាស់ ដោយសារថា អ្នកខ្លះ គាត់មានក្ដីសុបិន ប៉ុន្តែគាត់ខ្វះមធ្យោបាយ នៅក្នុងការ ឈានទៅដល់ក្ដីសុបិននោះ ដូច្នេះហើយ បានជា ការជួយគ្នា ឲ្យសម្រេច ក្ដីសុបិន គឺជារឿង ដែលសំខាន់ សម្រាប់យើងទាំងអស់គ្នា ” ។

លោក ឈើដគៀត អត្ថកន មានប្រសាសន៍ថា ក្នុងប្រទេសមួយ ដូចជា ប្រទេសកម្ពុជា ជាដើម ពុំមានអ្វីដែលប្រសើរជាង យុវជនជំនាន់ក្រោយ ដែលមាន ភាព ខ្លាំង និងមានសក្ដានុពលនោះទេ ។

លោក ឈើ មានប្រសាសន៍ថា៖ “ការអប់រំ មិនត្រឹមតែជា ការ បើក ទ្វា ឲ្យ មានឱកាស សម្រាប់ បុគ្គលផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយទ្រទ្រង់ដល់សន្តិភាព និង វិបុលភាព នៅក្នុង ប្រទេស ផងដែរ ។ កម្ពុជា មាន យុវជនយ៉ាងច្រើន ដែលមានទេពកោសល្យ និងសក្ដានុពល ដែលទាមទារ ឲ្យ មានការ បណ្ដុះបណ្ដាលថែទាំ ហើយ ក្លាយជាកម្លាំង ចលករ សម្រាប់អនាគត របស់កម្ពុជាទៅថ្ងៃអនាគត”។

ប្អូនប្រុស ខុម កែវ ជា និស្សិត ផ្នែកវេជ្ជបណ្ឌិត ឆ្នាំទី ៤ ដែលទទួល អាហារូបករណ៍ពីអេសស៊ីជី បានបង្ហាញពីក្ដីសប្បាយរីករាយរបស់ខ្លួន ក្រោយទទួលបាន ការគាំទ្រ អាហារូបករណ៍នេះ។

ខុម កែវ បាននិយាយថា៖ “កម្មវិធីនេះ សម្រាប់ ខ្ញុំគឺរំភើបខ្លាំង ដោយសារតែទីមួយ គាត់បានចូលរួមចំណែកជួយសិស្សថ្នាក់វិទ្យាល័យ ដែលមានជីវភាពខ្វះខាត មួយតង់ ។ អ៊ីចឹង តង់ទីពីរ គាត់មិនបោះបង់ទេ គាត់ជួយវិទ្យាល័យហើយ គាត់បន្ត ជួយជ្រោមជ្រែង ដល់ថ្នាក់សាកលវិទ្យាល័យបន្ថែមទៀត អ៊ីចឹង វាធ្វើឲ្យអ្នកដែលមានក្ដីស្រមៃ មានក្ដីសុបិន តែខ្វះលទ្ធភាព គាត់អាច បន្ត ការ សិក្សា បន្ត ក្ដីស្រមៃ របស់គាត់ និង ផ្លាស់ប្ដូរស្ថានភាពជីវិតគាត់នាពេលអនាគតបាន” ។ N