ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយធ្វើការរុះរើ កាត់ស្លាកយីហោ និងឈូសសំអាតទីតាំងមួយចំនួនដែលដាក់សម្ភារៈសំណង់ ទំនិញផ្សេងៗ រាយប៉ាយរំលោភលើចំណីផ្លូវសាធារណៈ ។

នាឱកាសនោះ លោកស្រីក៏បានធ្វើការអប់រំណែនាំអោយម្ចាស់អាជីកម្មទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការដាក់តាំងលក់សម្ភារៈផ្សេងៗ ដែលកំពុងរំលោភយកចំណីផ្លូវ ។

លោកស្រី គឹម ញឹប បានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់នេះ គឺកន្លងមករដ្ឋបាលខណ្ឌ បានធ្វើការណែនាំច្រើនលើកច្រើនសារ ព្រមទាំងបានប្រគល់សេចក្តីជូនដំណឹងនិងផ្សព្វផ្សាយរួចហើយផងដែរ ។

លោកស្រីបន្តថា៖ការអនុវត្តនេះធ្វើឡើងដើម្បីសម្រួលចរាចរណ៍ និងចូលរួមចំណែកលើកកំពស់សោភ័ណ្ឌភាពក្នុងខណ្ឌដង្កោ ឬក៏ដូចជារាជធានីភ្នំពេញអោយកាន់តែល្អប្រសើរ៕ N