ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅថ្ងៃអាទិត្យទី១៨ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំ ចែកអំណោយសង្គ្រោះបន្ទាន់ របស់ អនុសាខាកាកបាទក្រហមខណ្ឌប្ញស្សីកែវ ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ៣០ គ្រួសារ ដែលជាម្ចាស់ផ្ទះ និងជាអ្នកស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្រុមទី១៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលបានរងការឆាបឆេះ កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងលោក ស៊ូ សារ៉ាត់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌប្ញស្សីកែវបានសម្ដែងនៅការសោកស្ដាយនិងអាណិតអាសូរចំពោះប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ៣០ គ្រួសារ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ដែលត្រូវអគ្គីភ័យឆាបឆេះផ្ទះសំបែងកន្លងមកហើយលោកក៏សូមឱ្យប្រជពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯងកុំឱ្យកើតមានគ្រោះថ្នាក់បែបនេះកើតឡើងបន្តទៀត។

មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖អំណោយ ដែលបានឧបត្ថម្ភជូនដល់បងប្អូន ទាំង ៣០ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ៣០ គ.ក មី ០៨ កញ្ចប់ , ត្រីខ ០៤ កំប៉ុង , ទឹកស៊ីអ៊ីវ ០១ ដប , ទឹកត្រី ០១ ដប , ម៉ាស់ ២៥ បន្ទះ , ជែលលាងដៃ ០១ ដប , តែ ០១ កញ្ចប់ និងថវិកា ចំនួន ៥០.០០០ រៀល៕/PC