ដោយៈ យោធិន / ភ្នំពេញៈ មន្ត្រីការទូតជប៉ុន បានបង្ហាញពីសុឆន្ទៈ ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យរក្សាសន្តិភាព ជាមួយកម្ពុជា ជាពិសេសផ្តោតទៅលើ គម្រោងហ្វឹកហ្វឺនត្រីភាគី រវាងជប៉ុន អង្គការសហប្រជាជាតិ និងកម្ពុជា។

លោក TANINAI Ichitomo ឧបទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូត ជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីជំហរ ក្នុងកិច្វសហប្រតិបត្តិការ លើវិស័យរក្សាសន្តិភាព បែបនេះ ក្នុងឱកាសអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នាស្នាក់ការមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព ក្នុងរាជធានីភ្នំពេញ។

ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ គម្រោងហ្វឹកហ្វឺនលំហាត់ត្រីភាគី នាពេលខាងមុខ លោក TANINAI Ichitomo បានបញ្ជាក់ថាៈ ជប៉ុន នឹងផ្តល់​ការបណ្តុះបណ្តាល ដល់កងកម្លាំងយោធាមួកខៀវកម្ពុជា និងបញ្ជូនក្រុមការងារ មកកម្ពុជា សំដៅពិភាក្សាការរៀបចំ វគ្គហ្វឹកហ្វឺនដល់ កងកម្លាំងយោធាមួកខៀវកម្ពុជា។

លោក TANINAI Ichitomo បានបញ្ជាក់ បន្ថែមថាៈ ជប៉ុន រំពឹងថា នឹងមានកិច្ច សហប្រតិបត្តិការ កើនឡើង គ្រប់ជ្រុងជ្រោយ លើវិស័យរក្សាសន្តិភាព និងជាពិសេស ការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យបោសសម្អាតមីន នៅកម្ពុជា។

លោក TANINAI Ichitomo ក៏បានថ្លែងការកោតសរសើរ ចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ផងដែរ។ ជាមួយគ្នា នេះដែរ លោក TANINAI Ichitomo ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ កម្ពុជា ក្នុងការបញ្ជូនកងយោធាមួកខៀវ ទៅបំពេញបេសកកម្ម នៅក្រៅប្រទេស រួមទាំងសកម្មភាពដោះមីន យ៉ាងសកម្មរបស់កម្ពុជា។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថាៈ កម្ពុជា នឹងធ្វើជា ម្ចាស់ផ្ទះ នៃគម្រោងហ្វឹកហ្វឺនលំហាត់ត្រីភាគី (ជប៉ុន អង្គការសហប្រជាជាតិ កម្ពុជា) ស្តីពីការហ្វឹកហ្វឺនប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់ នាឆ្នាំ២០២៧ ដោយមានការ ចូលរួមពី បណ្តាលប្រទេសជាសមាជិកអាស៊ាន និងក្នុងតំបន់។ គម្រោងនេះ រៀបចំឡើង ក្នុងគោលបំណង ផ្តល់កិច្ចគាំទ្រដល់បណ្តាប្រទេស បរិច្ចាគកងកម្លាំង ឲ្យធ្វើការចល័ត បានឆាប់រហ័ស និងមានគុណភាពខ្ពស់។

សូមបញ្ជាក់ថាៈ គម្រោងហ្វឹកហ្វឺនលំហាត់ត្រីភាគីនេះ ត្រូវបានផ្តួចផ្តើមឡើង ដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូ អាបេ (Shinzo ABE) នាអំឡុងពេល កិច្ចប្រជុំកំពូល ស្តីពីការរក្សាសន្តិភាព នៅទីបញ្ជាការ អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៤។

ក្នុងជំនួបពិភាក្សានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងការដឹងគុណ ដល់ភាគីជប៉ុន ដែលតែងផ្តល់កិច្ចគាំទ្រ និងផ្តល់ជំនួយទាំងស្មារតី និងគ្រឿងសម្ភាៈ ដល់កម្ពុជា លើវិស័យរក្សាសន្តិភាព ហើយដែលមកទល់នឹងបច្ចុប្បន្ននេះ ក៏ជាខួបលើក ទី៣០ ដែលជប៉ុន បានបញ្ជូនកងកម្លាំងស្វ័យការពារ ចូលរួមក្នុងកងកម្លាំងអ៊ុនតាក់ (UNTAC) ដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា ខណៈដែលសមាជិកចំនួនពីររូប បានពលី នៅអំឡុងពេលបំពេញបេសកកម្ម នៅកម្ពុជា ផងដែរ។

ក្នុងកិច្ចពិភាក្សានេះដែរ ប្រមុខកងយោធាមួកខៀវកម្ពុជា ក៏បានស្នើដល់ភាគីជប៉ុន​ផ្តល់ការហ្វឹកហ្វឺន រយៈពេលវែង ឲ្យបានច្រើន ទាំងក្នុងប្រទេស និងបន្តធ្វើកម្មសិក្សា នៅជប៉ុន ទាំងគ្រូបង្គោល និងសិក្ខាកាមឆ្នើម សំដៅពង្រឹងកម្រិតសមត្ថភាព ចំណេះ ជំនាញ ក្នុងបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ៕/V