ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ប្រតេក
បរិវារសព្ទ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រតាក ថា
ប្រតេកប្រតាក គឺប្រតាកច្រើនអន្លើ, ប្រតាកខ្លាំង ។
ប្រលោមលោក
(ប្រល៉ោមលោក)
នាមសព្ទ
រឿងប្រលោមចិត្តមនុស្សលោក គឺរឿងដែលអ្នកតែងប្រតិដ្ឋប្រដូចឡើង ដោយឥតមានច្បាប់ដើមជាការណ៍ពិតប្រាកដជាគោលចារឹកឡើយ ។ ប្រលោមលោក នេះ ក្នុងសម័យពីដើមហៅ សាស្ត្រាល្បែង ឬ រឿងល្បែង, ខាងសម្រាយច្រើនតែតែងជាពាក្យកាព្យ ដូចជាសាស្ដ្រាល្បែងផ្សេងៗមានច្រើនឈ្មោះមានសាស្ដ្រា ស័ង្ខសិល្ប៍ជ័យ, លក្សណវង្ស, ហង្សយន្ដ, ជិនវង្ស ជាដើម; ខាងបាលីច្រើនតែជា បកិណ្ណកៈ ឬ វេយ្យាករណបាឋ គឺជាពាក្យបាលីរាយៗ ជួនមានគាថាបាលីបញ្ចូលមកខ្លះដោយអន្លើៗដូច បញ្ញាសជាតក ជាដើម, រឿងឬសាស្ដ្រាទាំងនោះ ទោះជាកាព្យសម្រាយក្ដី ជាបាលីក្ដី ហៅថា សាស្ដ្រាល្បែង ឬ រឿងល្បែង ដូចគ្នា, ត្រូវគ្នានឹងរឿងឬសាស្ដ្រា, សៀវភៅ ប្រលោមលោក សម័យបច្ចុប្បន្ននេះ ។ ប៉ុន្តែ, តាមការពិនិត្យ, ឃើញថា ប្រលោមលោក សម័យឥឡូវនេះ មាន៣ប្រភេទគឺ ប្រលោមលោកស្នេហា, ប្រលោមលោកកសាងជីវភាពខ្លួន, ប្រលោមលោកប្រវត្តិសាស្ដ្រ, ទាំង៣ប្រភេទនេះ សុទ្ធតែមានអត្ថន័យផ្សេងទីទៃពីគ្នា . . . ( ម. ព. ជីវភាព, ប្រវត្តិសាស្ដ្រ ( ក្នុងពាក្យ បវត្តិ ឬ ប្រវត្តិ ) ស្នេហា ផង ) ។ សាស្ដ្រាល្បើក ក្នុងសម័យពីដើម ដូចជា ល្បើកជូជក, ល្បើកមហារាជ ដែលគេលើកបំផ្លើស ក្នុងរឿងមហាជាតក៍ជាដើម ក៏រាប់ថាជា ប្រលោមលោក បានដែរ ព្រោះគេតែងឡើងគ្រាន់នឹង ប្រលោម ឲ្យអ្នកអានអ្នកស្ដាប់សើចសប្បាយ ហៅថា ល្បើកប្រលោមលោក (មើលក្នុងពាក្យ ល្បើក ទៀតផង) ។
ប្រាក្រឹត
(—ក្រិត)
នាមសព្ទ
( សំ. ប្រាក្ឫត ) ឈ្មោះភាសាកណ្ដាល ( គ្រាមភាសា ) នៃជនជាតិឥណ្ឌាទាំងឡាយ ច្រើនប្រទេស មានតាំងពីក្នុងបុរាណកាលព្រេងនាយ ដរាបមកដល់សម័យបច្ចុប្បន្ន, ទាំង អយ៌កជន ក្នុង សក្ករដ្ឋ ( នេប៉ាល ) ជាជាតិភូមិនៃព្រះសក្យមុនីសម្ពុទ្ធ ក៏ប្រើភាសា ប្រាក្រឹត ដែរ ( បារ. Dialecte ) ។ ប្រាក្រឹត នេះមានអត្ថន័យថា ប្រក្រតី, ធម្មតា, សាមញ្ញ ក្លាយមកពីប្រភពដើមនៃពាក្យសំស្ក្រឹតជាភាសាសម្រាំងថា ប្រក្ឫតិ “ប្រក្រតី” ប៉ុន្តែមានទំនងគួរឲ្យហៅថា ភាសាផ្សែផ្សំ ឬ ភាសាបំប្លែង ទៅវិញ ពីព្រោះមានដើម កំណើតជាភាសាសំស្ក្រឹតខ្លះជាភាសាបាលីខ្លះ គ្រាន់តែបំប្លែងចេញឲ្យឃ្លាតពីប្រភពដើម ប៉ុណ្ណោះ ពុំមែនជាសំស្ក្រឹតពុំមែនជាបាលីសុទ្ធសាធ ទាំងពុំមែនជាសន្ដាននៃភាសា ឥណ្ឌូ-អឺរូប ចូលលាយផងទេ, ប្រាក្រឹត នេះជាសម្ដីប៉ះប៉ុនផ្សែផ្សំកាឡៃឲ្យកើតមានឡើង សម្រាប់និយាយសម្រាប់សរសេរតាមគួរដល់ការស្រួលរាល់ជាតិប៉ុណ្ណោះឯង ។ ប្រាក្រឹត នេះមានឈ្មោះផ្សេងៗគ្នា, បើរាប់ដោយសង្ខេប មាន៥ឈ្មោះគឺ ១- ឝៅរសេនី ( សៅរ៉ៈសេនី Çaurasenī ) ប្រាក្រឹតជាសម្ដីរបស់ជនអ្នកនៅក្នុងរដ្ឋ ឝូរសេន ( សូរ៉ៈសេន៉ៈ Çūrasena គឺរដ្ឋ មថូរា Mathūrā ក្នុងសម័យតមក ) ។ ប្រាក្រឹត នេះមានលំនាំស្រដៀងនឹងបាលីដោយអន្លើៗដែរ ប៉ុន្តែច្រើនបំប្លែងអក្សរ អឃោសៈ ជា ឃោសៈ ដូចជាបាលីថា បតិត “ដែលធ្លាក់ឬជ្រុះហើយ” បំប្លែងជា បទិទ; យថា “យ៉ាងណា” ជា យធា ជាដើម ។ ២- មហារាឞ្ត្រី ( មហារាស្ត្រី Mahārāstri ភាសាអ្នក មហារាស្ត្រ ទក្ខិណាបថ ភាគខាងលិច គឺរដ្ឋ ឌេក្ក័ន ខាងលិច Dekkan Occidental ) ជាប្រាក្រឹតបំប្លែងអក្សរឃ្លាតពីសំស្ក្រឹតដោយច្រើន ដូចជា ឧទក “ទឹក” បំប្លែងជា ឧអអ; កបិ “ស្វា” ជា កឥ; សុខ “សុខ” ជា សោក្ខ ជាដើម ។ ៣- មាគធី ( Māgadhī ) ប្រាក្រឹតរបស់ជនអ្នក មគធរដ្ឋ គឺរដ្ឋ ពិហារ ( Bihār ) សម័យបច្ចុប្បន្ន, បំប្លែងអក្សរខុសពីសំស្ក្រឹតនិងបាលីដោយច្រើនដូចជា សំ. បុត្រស្យ “នៃកូនឬដល់កូន” បំប្លែងជា បុត្តឝ្ឝ ( Puttaçça ); រាជានស៑ ( រាជាន័ស ) “ស្ដេចទាំងឡាយ” ជា លាអាណោ ( Lā-āṇo ); រញ្ញា ( បា. ) “ដែលស្ដេច” ជា លាជិន ( Lājina ); អត្តនា ( បា. ) “ដោយខ្លួនឯង” ជាអតន ( Atana ); ជាយតេ “កើត, ប្រសូត” ជា យាយតេ ( Yāyate ) ជាដើម ។ ៤- អភ្រំឝ ( អ័ប-ភ្រ័ម-សៈ Abhraṃça ) ជាប្រាក្រឹតរាយរងទន់ខ្សោយកើតមានក្នុងបច្ឆាសម័យ ជាសម្ដីផ្សែផ្សំរបស់អ្នកចុងកាត់មាត់ញក ផ្សាយចូលមកខ្លះ ក្នុងរដ្ឋនានាក្នុងប្រទេសឥណ្ឌា មិនពេញលក្ខណៈជាភាសាប្រាក្រឹតទេ ។ ៥- បៃឝាចី ( ប៉ៃសាចី Paiçācī ) ប្រាក្រឹតជាសម្ដីបិសាច គឺសម្ដីខ្មោច, ច្រើនបំប្លែងអក្សរ ឃោសៈ ជា អឃោសៈ ( ជាសម្ដីអ្នករបាំ ) ដូចជា នគរ “ក្រុង” ជា នករ; គុរុ “ធ្ងន់; យូរ; គ្រូ” ជា កុរុ ជាដើម ។ ភាសាខ្មែរយើងមិនមានឈ្មោះថាមាន ប្រាក្រឹត ដូចឥណ្ឌាទេ ប៉ុន្តែបើនិយាយដោយការធៀបប្រដូចទៅនឹងឥណ្ឌា ក៏មានការបំប្លែងសំស្ត្រឹតនិងបាលី ឲ្យឃ្លាតចាកប្រភពដើមក្រែលដែរ ដូចជា នគរ បំប្លែងជា អង្គរ; នង្គ័ល ជា អង្គ័ល; យមរាជ ជា ជមរាជ ( ជំរាច ); សៃន្យាភិមុខ ឬ សេនាភិមុខ ជា ស្នាភិមុខ; សេនាធិរាជ ឬ សៃន្យាធិរាជ ជា ស្នាធ្រាជ, សៃន្យ ( សែន ) ជា ស្រែន្យ; សៃន្យានុជិត ឬ សេនានុជិត ជា ស្រែនអញ្ជិត, វៃទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម; សព្ទអារក្ស ឬ សម្ដីមេមត់ ក៏គួរហៅថា បៃសាចី បានដែរ, ប៉ុន្តែយើងនឹងនិយាយឲ្យពេញមាត់ថាខ្មែរមាន ប្រាក្រឹត ដូចឥណ្ឌាខ្លះដែរក៏ពុំកើត ពីព្រោះ ប្រាក្រឹត នោះមានឈ្មោះចំពោះតែក្នុងជម្ពូទ្វីបគឺឥណ្ឌាឯណោះយូរអង្វែងណាស់ហើយ ។ ល ។
ប្រាំង
គុណសព្ទ
ឈ្មោះរដូវក្ដៅរាំងឥតទឹកភ្លៀង; ដែលមាននៅក្នុងសម័យរាំងភ្លៀងឬទាក់ទងដោយរដូវរាំង ឥតមានទឹកភ្លៀង : រដូវប្រាំង, ខែប្រាំង ។ ស្រែប្រាំង ស្រែសម្រាប់ស្ទូងបានតែក្នុងរដូវប្រាំង ។ ស្រូវប្រាំង, ពោតប្រាំង ស្រូវ, ពោត ដែលស្ទូង ដែលដាំក្នុងរដូវប្រាំង ។ ព. ទ. បុ មនុស្សប្រាំង ឬ មនុស្សខែប្រាំង មនុស្សដែលកំណាញ់ស្វិតស្វាញ សូម្បីមានស្មូមមកឈរស្រែកសូមទាននៅមុខផ្ទះ ក៏ឥតដែលឲ្យទានដល់តិចតួចឡើយ ( និយាយដោយកាត់ខ្លីថា : ប្រាំង, ខែប្រាំង ឬ មនុស្សរាំងភ្លៀង ឬថាត្រឹមតែ រាំងភ្លៀង ក៏បាន ) ។ ខែប្រាំងរាំងឫស (ព. សា.) ខែប្រាំងរាំងក្រទាំងដីស្ងួតរាល់អន្លើ ។
នាមសព្ទ
ឈ្មោះរដូវក្ដៅរាំងឥតទឹកភ្លៀង; ដែលមាននៅក្នុងសម័យរាំងភ្លៀងឬទាក់ទងដោយរដូវរាំង ឥតមានទឹកភ្លៀង : រដូវប្រាំង, ខែប្រាំង ។ ស្រែប្រាំង ស្រែសម្រាប់ស្ទូងបានតែក្នុងរដូវប្រាំង ។ ស្រូវប្រាំង, ពោតប្រាំង ស្រូវ, ពោត ដែលស្ទូង ដែលដាំក្នុងរដូវប្រាំង ។ ព. ទ. បុ មនុស្សប្រាំង ឬ មនុស្សខែប្រាំង មនុស្សដែលកំណាញ់ស្វិតស្វាញ សូម្បីមានស្មូមមកឈរស្រែកសូមទាននៅមុខផ្ទះ ក៏ឥតដែលឲ្យទានដល់តិចតួចឡើយ ( និយាយដោយកាត់ខ្លីថា : ប្រាំង, ខែប្រាំង ឬ មនុស្សរាំងភ្លៀង ឬថាត្រឹមតែ រាំងភ្លៀង ក៏បាន ) ។ ខែប្រាំងរាំងឫស (ព. សា.) ខែប្រាំងរាំងក្រទាំងដីស្ងួតរាល់អន្លើ ។
ប្រែ
កិរិយាសព្ទ
ត្រឡប់, ងាក, បែរ, ឃ្លាតចាកប្រក្រតី; ផ្លាស់; បំបែរ; បង្វែរ; ក្លាយ : ប្រែខ្លួន បំបែរខ្លួនឲ្យត្រឡប់ពីម្ខាងទៅម្ខាង; ប្រែគំនិត ផ្លាស់គំនិត; ប្រែចិត្ត ងាកចិត្ត; ប្រែទំនុក ផ្លាស់ទំនុក; ប្រែធាតុ បង្វែរធាតុឲ្យបែរផ្សេងចាកប្រក្រតីដើម; ប្រែប្រួល ប្រែចុះប្រែឡើង ឬប្រែត្រឡប់ខុសពីប្រក្រតីដើម; ប្រែពាក្យ ឬ ប្រែសម្ដី បំបែរពាក្យឬសម្ដីឲ្យឃ្លាតខុសពីដំណើរដើម; ប្រែភាសា ស្រង់សេចក្ដីពីភាសាមួយជាភាសាផ្សេង ។ ប្រែរយ ន. គម្ពីរ, សាស្ដ្រាដែលអ្នកប្រាជ្ញបានប្រែចេញពីបាលី ចងក្រងជាពាក្យរាយ ពុំមែនជាពាក្យកាព្យទេ ប៉ុន្ដែមានចួនរណ្ដំជាកម្រងកែវខ្លះដោយអន្លើៗ : គម្ពីរប្រែរយ, សាស្ដ្រាប្រែរយ ។ ប្រែរៀងសេចក្ដី កិ. ប្រែពីភាសាមួយមកជាភាសាមួយ ដូចជាប្រែពីបាលីមកជាខ្មែរជាដើម, ក្នុងប្រយោគនីមួយៗ មួយសង្កាត់ៗ បណ្ដោយពីខាងដើមរៀងទៅតាមដំណើរសេចក្ដីមកជាខ្មែរ ។ ព. ផ្ទ. ប្រែលោតប្រយោគ ។ ប្រែលោតប្រយោគ ( —យោក ) កិ. ប្រែពីបាលីឬពីសំស្ក្រឹតក្នុងប្រយោគមួយៗមកជាខ្មែរ ដោយលោតផ្លោះតាមដំណើរសេចក្ដីខ្មែរ ។ ព. ផ្ទ. ប្រែរៀងសេចក្ដី ។ ប្រែសាច់ប្រែឈាម ក្លាយសាច់ឈាមឃ្លាតខុសពីភាពមុន ។ ប្រែសម្បុរ ក្លាយសម្បុរខុសពីប្រក្រតីដើម ។ ល ។