ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ពួកសកម្មប្រយុទ្ធមកពីក្រុមតាលីបង់ប៉ាគីស្ថានជាង៣០នាក់កំពុងចាប់ប៉ូលីសនិងយោធាជាច្រើននាក់ធ្វើជាចំណាប់ខ្មាំងកាលពីថ្ងៃចន្ទ ក្រោយពួកគេសំរុកចេញពីកន្លែងឃុំខ្លួននិងកាន់កាប់ប៉ុស្តិ៍ប៉ូលីស។
សមាជិកក្រុមតេរីក-អ៊ី-តាលីបង់ ប៉ាគីស្ថាន(TTP)ដែលផ្សេងពីក្រុមតាលីបង់អាហ្វាហ្គានីស្ថានតែមានមនោគមវិជ្ជាអ៊ីស្លាមប្រកាន់តឹងត្អឹងស្រដៀងគ្នា បានយកឈ្នះលើអ្នកឃុំខ្លួនពួកគេដោយសារមានគ្នាច្រើនជាងនិងបានប្រមូលដកយកអាវុធពីប៉ូលីស។
ពួកសកម្មប្រយុទ្ធទាំងនេះ ត្រូវបានចាប់ឃុំខ្លួនពីបទប្រព្រឹត្តអំពើភេរវកម្ម និងឥឡូវកំពុងទាមទារច្រកភៀសខ្លួនដោយសុវត្ថិភាពទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីរដ្ឋាភិបាលម្នាក់នៅនៅទីក្រុងបាននូ(Bannu)ក្បែរកន្លែងកើតហេតុនៅក្បែរព្រំដែនអាហ្វហ្គានីស្ថាន បាននិយាយថាចំណាប់ខ្មាំងកំពុងនៅក្រោមការឃុំគ្រងរបស់ពួកសកម្មប្រយុទ្ធនៅឡើយបន្ទាប់ពីបើកប្រតិបត្តិការរំដោះពួកគេមួយ តែបរាជ័យ។
លោកបានអោយដឹងថា«ក្នុងអំឡុងពេលសួរចម្លើយ ជនសង្ស័យខ្លះបានដណ្តើមកាំភ្លើងពីប៉ូលីសនិងក្រោយមកចាប់ប៉ូលីសក្នុងស្ថានីយនោះទាំងអស់ធ្វើជាចំណាប់ខ្មាំង។ពួកវាចង់អោយប៉ូលីសដោះលែងពួកគេនៅព្រំដែនអាហ្វហ្គានីស្ថានឬ ខាងក្នុងប្រទេសអាហ្វហ្គានីស្ថាន។ចំណាប់ខ្មាំងរួមមានប៉ូលីសនិងទាហានចំនួនប្រាំបីនាក់»។
ប៉ូលីសឈរយាមតាមផ្លូវមួយដែលត្រូវបានបិទក្រោយពួកសកម្មប្រយុទ្ធចាប់ប៉ូលីសនិងគ្រប់គ្រងប៉ុស្តិ៍ប៉ូលីសនៅបាននូរបស់ ប៉ាគីស្ថាន
ក្រុម TTPបានអះអាងទទួលខុសត្រូវចពោះហេតុការណ៍នេះនិងទាមទារអោយអាជ្ញាធរផ្តល់ច្រកសុវត្ថិភាពទៅកាន់តំបន់ព្រំដែនសំរាប់សមាជិករបស់គេ។សូមបញ្ជាក់ថាក្រុមនេះបានលេចវត្តមានឡើងនៅឆ្នាំ២០០៧និងបានអនុវត្តអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន៕