ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ សមត្ថកិច្ចបានបញ្ជូនខ្លួន ជនជាតិ ចិន ពាក់ព័ន្ធពាក់ព័ន្ធករណីបង្កៃគ្រាប់បែក នៅចំណុចមុខ សណ្ឋាគារណាហ្គា២ ស្ថិតនៅផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ។

ការបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពី នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ចប់ការសាកសួរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។
ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីលល្ងាចថ្ងៃទី១៥ ខែធ្នូ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា “ជនសង្ស័យចំនួន ពីរនាក់ ក្នុងចំណោមប្រាំនាក់ ត្រូវបានបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ជនសង្ស័យទាំងពីរ នាក់ មាន៖ ១. ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ ២៦ឆ្នាំ (ម្ចាស់រថយន្ត LANG ROVER DEFENDER ពណ៍ ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា -LC.9888) និងទី២. ឈ្មោះ TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ”។
សូមជម្រាបថា កាលពីព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ស្ត្រីអ្នកបោសសំរាមម្នាក់បានប្រទះឃើញគ្រាប់បែកមួយគ្រាប់នៅលើមុខសណ្ឋាគារណាហ្គា២ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌចំការមនសហការជាមួយកម្លាំងនាយកដ្ឋាននគរបាល ព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវតាមរយៈកាម៉ារ៉ា សុវត្ថិភាពនៅក្បែរកន្លែងកើតហេតុ រហូតឈានដល់ឃាត់ខ្លូន ជនសង្ស័យចំនួន ប្រាំនាក់ (ជនជាតិចិន ៤នាក់ “ប្រុស ៣នាក់ និងស្រី ១នាក់)”និងស្ត្រីខ្មែរ មួយនាក់ រួមទាំង រថយន្តមួយ គ្រឿងម៉ាក LANG ROVER DEFENDER ពណ៍ ស្លែ សេរី២០២១ ពាក់ផ្លាកលេខ កម្ពុជា -LC.9888 នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕សរន / N