ដោយៈ សុផល / សៀមរាប៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែធ្នូ បានរៀបចំ សិក្ខាសាលា ស្តីពីការលើកកម្ពស់គុណភាព ការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ភ្ញៀវ ទេសចរចិន ក្រោមអធិបតីភាពរបស់ លោក ជា សែ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប។

សិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាព ការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ ភ្ញៀវទេសចរចិន ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាងនេះ បានរៀបចំឡើង ស្របពេលវេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងទេសចរណ៍ នៅក្នុងការជំរុញការអភិវឌ្ឍសមត្ថភាព អ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករ ទេសចរណ៍ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា។

គួរកត់សម្គាល់ថា ប្រទេសកម្ពុជា ក្រោមនយោបាយវ៉ាក់សាំងរបស់ រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម បានឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ រហូតឈានដល់ការទទួល ចំណាត់ថ្នាក់ ជាប្រទេសដែលអាចបើក សកម្មភាពសេដ្ឋកិច្ច សង្គមលឿន ជាងគេ និងជាប្រទេសដែលមានសុវត្ថិភាព សម្រាប់ការទស្សនា ទេសចរណ៍ផងដែរ។ ការបើក ដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍។ ជាមួយនឹងការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងគុណភាព សេវាកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព ជូនភ្ញៀវទេសចរ តាមគន្លងថ្មី និងបន្ត ជំរុញផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្ត ក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងអភិវឌ្ឍ វិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។

ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់ នៅក្នុងការផ្តល់សេវាកម្ម ដល់ទេសចរ កាន់តែប្រសើរ និងប្រកបដោយ ភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍។ តាមរយៈសិក្ខាសាលានេះ នឹងមិនត្រឹមតែចូលរួម ដល់ការបណ្តុះបណ្តាលទេពកោសល្យ ជំនាញ ដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការ ក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែ មានសមត្ថភាព នៅក្នុងការផ្តល់សេវាកម្ម ជូនភ្ញៀវទេសចរ ថែមទាំងជាផ្នែកមួយដ៍សំខាន់ នៃការចូលរួម និងភាពជាដៃគូ ជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍។

គួរកត់សម្គាល់ថា ក្នុងក្របនៃការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ទេសចរណ៍ ទាំងបរិមាណ និងគុណភាព ជាពិសេសក្រសួងទេសចរណ៍ បានមើល ឃើញច្បាស់ ពីសារៈសំខាន់ នៅក្នុងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាព អ្នកជំនាញទេសចរណ៍ តាមរយៈប្រព័ន្ធអនឡាញ ដោយបានបង្កើតប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ អនឡាញ ដែលមានអាសយដ្ឋាន www.tptd.org ដើម្បីជួយដល់អ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីព ជាអ្នកជំនាញ នៅក្នុងវិស័យទេសចរណ៍ អាចធ្វើការពង្រឹងសមត្ថភាព ទាំងជំនាញចាស់ និងជំនាញថ្មីបន្ថែម បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាចពង្រឹងសមត្ថភាពជំនាញ ពេញមួយជីវិត។ ជាក់ស្តែង គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ខែធ្នូ ឆ្នាំ២០២២ នេះ សិក្ខាកាមសរុប ដែលសិក្សាតាមថ្នាក់នៅក្នុងប្រព័ន្ធនេះ មានប្រមាណ ៦៩.៥៩៥ នាក់ ៕/V/R