ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ «កម្ពុជាស្ថិតក្នុងស្ថានភាពដែលអាចទាញយកហិរញ្ញប្បទាន បៃតងនេះ ពីពិភពលោក ដើម្បីមកប្រើប្រាស់បម្រើ ដល់ប្រយោជន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងន័យធានាបានការអភិវឌ្ឍ ដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួល អាកាសធាតុ។ កម្ពុជាមានលទ្ធភាពពេញលេញ ដែលអាចទទួលបានហិរញ្ញប្បទាន បៃតង (Green Financing) ពីមូលនិធិអាកាសធាតុបៃតង(GCF)»។ នេះជាការបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយហិរញ្ញប្បទានបៃតង នៅទីស្ដីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយហិរញ្ញប្បទានបៃតង និងចែករំលែក អំពីនីតិវិធីទៅដល់អង្គភាព/ស្ថាប័នដទៃទៀត ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុជាដើម ក្នុងការទទួលបានជា អង្គភាពទទួលបានមូលនិធិផ្ទាល់ (Accredited Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាៈ កម្ពុជាស្ថិតក្នុងស្ថានភាពដែលអាចទាញ យកហិរញ្ញប្បទានបៃតងនេះ ពីពិភពលោក ដើម្បីមកប្រើប្រាស់បម្រើ ដល់ប្រយោជន៍ សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងន័យធានាបានការអភិវឌ្ឍ ដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថាៈ កត្តាសំខាន់ៗដែលកម្ពុជា មានលទ្ធភាពទទួលបាន ហិរញ្ញប្បទានបៃតង រួមមាន៖១)កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវការប្តេជ្ញាចិត្តរបស់ ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ។ ២) កម្ពុជាត្រូវបានទទួលស្គាល់ លើឆាកអន្តរជាតិ ពីភាពជោគជ័យ ក្នុងការលើកកម្ពស់ សុខភាពប្រជាជន លើកម្ពស់ការអប់រំ ស្ដីពីការប្រែប្រួលអាកាសធាតុ និងជាពិសេសជាដៃគូដ៏សំខាន់ គ្រប់ជ្រុងជ្រោយ នៅលើឆាកអន្តរជាតិ និង៣) កម្ពុជា បានដាក់ជូន «របាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ» ទៅលេខាធិការ ដ្ឋាន UNFCCC ដូចដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានអបអរសាទរ និងកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធនឹងការ ប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថាៈ កត្តាទាំងអស់នេះ អាចសម្រេចទៅបាន ដរាបណាប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាកត្តាស្នូលរបស់ កម្ពុជា និងពិភពលោកទាំងមូល។

សូមបញ្ជាក់ថា អង្គភាពដំបូងគេនៅកម្ពុជា ដែលបានទទួលបានមូលនិធិផ្ទាល់ (Accredited Entity) ពីមូលនិធិអាកាសធាតុបៃតង នៅកម្ពុជា គឺ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប – NCDD)។

គួរឱ្យដឹងដែរថា មូលនិធិអាកាសធាតុបៃតង (GCF) ត្រូវបានអនុម័ត ជាយន្តការ ហិរញ្ញវត្ថុ នៃ អនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលលើកកម្ពស់ការអភិវឌ្ឍន៍ ដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួល អាកាសធាតុ៕ V / N