ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចូលរួម អបអរសាទរ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក» ។ នេះបើតាមលិខិតមួយច្បាប់ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក អ៊ុំ រាត្រី អភិបាលរខេត្តបន្ទាយមានជ័យ។

លិខិត សរសេរថាៈ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យ សូមសម្តែងអំណរសាទរ ដោយក្តីរំភើបឥតឧបមា យ៉ាងស្មោះអស់ពីដួងចិត្ត គោរពជូនសម្តេច ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សមិទ្ធផល ពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់តំបន់ អាស៊ី -ប៉ាស៊ីហ្វិក (KSI)។

លិខិត បានបន្តថាៈ ការទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ពិភពលោក» គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ទាំងមូល និងស័ក្តិសមបំផុត ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជា «បិតាស្ថាបនិកសន្តិភាព និងជាមេដឹកនាំដ៏ ឆ្នើមបំផុតរបស់កម្ពុជា» ដែលបានខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែប យ៉ាង ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ V / N