ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យក្រុមការងារចរចា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា–អេមីរ៉ាតអារ៉ាប់រួម (Cambodia – United Arab Emirates Comprehensive Economic Partnership Agreement – Cambodia-UAE CEPA) បន្តខិតខំព្យាយាមចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀង នាពេលឆាប់ៗ សំដៅបម្រើដល់អត្ថប្រយោជន៍ របស់អ្នកប្រើប្រាស់ វិនិយោគិន និងធុរជនរបស់ប្រទេសទាំងពីរ។

ក្នុងឱកាសអញ្ញើញចូលរួមពិធីប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលមានការអញ្ជើញចូលរួមពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចា សម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចា សម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់ តំណាងអន្តរក្រសួង នៃប្រទេសទាំងពីរ សរុបប្រមាណ ៦០រូប កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ នៅរាជធានីភ្នំពេញ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថាៈ កិច្ចព្រមព្រៀងនេះ មានលក្ខណៈពិសេស សម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះ នឹងបន្តពង្រឹងមិត្តភាព ដែលមានស្រាប់ជាប្រពៃណី រវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងពិភពអារ៉ាប់ និងអាស៊ាន ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវកាលានុវត្តភាពជាច្រើនទៀត ដែលភាគីទាំងពីរ អាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានស្នើឱ្យក្រុមការងារចរចារបស់ភាគីទាំងពីរ បន្តខិតខំព្យាយាមចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នាពេលឆាប់ៗ សំដៅបម្រើដល់អត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ វិនិយោគិន និងធុរជនរបស់ប្រទេសទាំងពីរ។

បើតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងអង្គប្រជុំខាងលើនេះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នាពេលឆាប់ៗនេះ សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមរយៈការធ្វើពិពិធកម្មទីផ្សារ សម្រាប់នាំចេញទំនិញ និងសេវាកម្ម ព្រមទាំងការបង្កើតកាលានុវត្តភាព សម្រាប់ការវិនិយោគ និងពង្រឹងកិច្ចសហការ សម្រាប់វិស័យអាទិភាព។

សូមបញ្ជាក់ថា ការចរចាជុំទី២ នៃកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅកម្ពុជា មានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២២ ខណៈការចរចាជុំទី១ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៤ ដល់២៦ ខែតុលាកន្លងទៅ នៅអេមីរ៉ាតអារ៉ាប់រួម៕/V

កិច្ចចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ធ្វើឡើងនៅរាជធានីភ្នំពេញ (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)