ដោយៈសុក្ខារិន / ពោធិ៍សាត់ៈ ឱសថ បរិក្ខារពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រ តម្លៃជាង ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាអំណោយរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី នៅរសៀលថ្ងៃទី១៨ ខែធ្នូ​ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានត្រូវលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ តំណាងសម្ដេចវិបុលសេនាភក្ដី និងលោក គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងជាប្រធានភូមិភាគទី៧ នាំយកមកប្រគល់ជូនអាជ្ញាធរខេត្តពោធិ៍សាត់ សម្រាប់ចែកចាយទៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់ ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ។

ពិធីប្រគល់ និងទទួលឱសថ បរិក្ខារពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រ បានប្រារព្ធធ្វើឡើង នៅវេទិកាសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អភិបាលខេត្តរង នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាល និងប្រធានមន្ទីរពេទ្យបង្អែក ផងដែរ។

លោក ម៉ម ប៊ុននាង បានជម្រាបជូនថាៈ អំណោយជាបរិក្ខារពេទ្យ ឱសថ និងសម្ភារៈ វេជ្ជសាស្ត្ររបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលយកមកប្រគល់ជូន អាជ្ញាធខេត្តពោធិ៍សាត់ នាពេលនេះ រួមមាន ថ្នាំពេទ្យចំនួន ១៤ មុខ ស្មើនឹង​ ១៩០ កេស, សម្លៀកបំពាក់ ២៩ កេស, មួក២កេស, ម៉ាស៨កេស, កាបូប១កេស, សរុប២៣០កេស ដែលគិតជាទឹកប្រាក់សរុប ស្មើនឹង ៣០៦.៦៥២ ដុល្លារសហរដ្ឋអាមេរិក។

ដោយឡែក សម្រាប់មន្ទីរពេទ្យបង្អែក ស្រុកភ្នំក្រវាញ តាមរយៈលោក ទី​នរិន្ទ រដ្ឋលេខាធិកា ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ស្រុកភ្នំក្រវាញ មានថ្នាំដាក់ភ្នែកចំនួន ៦កេស, ថ្នាំបន្តក់ភ្នែកតូច ២០កេស, ថ្នាំម្សៅកេស ពណ៌ស្វាយ ៨កេស, ថ្នាំ១០កេស, ថ្នាំលាប ២កេស, ថ្នាំម្សៅកេសធំ ១០កេស, ថ្នាំ cefotin ២កេស, ថ្នាំវីតាមីន ២កេស សរុប ៦០កេស គិតជាទឹកប្រាក់សរុបចំនួន ៨១.០០០ ដុល្លារសហរដ្ឋអាមេរិក។

បរិក្ខារពេទ្យ ឱសថ ឧបករណ៍ និងសម្ភារៈវេជ្ជសាស្ត្រទាំងអស់នេះ បានមកពីមូលនិធិ ចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលប្រគល់ជូនសម្ដេចវិបុល សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ហើយសម្ដេច​ក៍បានប្រគល់ ជូនបន្ត មកឲ្យអាជ្ញាធរខេត្តពោធិ៍សាត់ សម្រាប់ចែកចាយទៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីប្រើប្រាស់ ក្នុងការព្យាបាលអ្នកជំងឺ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានប្រគល់ជូន នូវបរិក្ខារពេទ្យ ឱសថ ឧបករណ៍ និងសម្ភារៈវេជ្ជសាស្ត្រ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ នាពេលនេះ។

លោកអភិបាលខេត្ត បានអះអាងថា លោកនឹងយកសម្ភារៈវេជ្ជសាស្ត្រទាំងអស់នេះ ប្រគល់ជូនទៅមន្ទីរសុខាភិបាលខេត្ត ដើម្បីចែកចាយបន្ត ទៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមក្រុងស្រុកនីមួយៗ សម្រាប់ប្រើប្រាស់ ក្នុងការព្យាបាលអ្នកជំងឺ ឲ្យមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ៕/V-PC