ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបដិសេធផែនការលេបត្របាក់យកប្រទេសបេឡារូសខណៈរូបលោកបានទៅបំពេញទស្សនកិច្ចដ៏កម្រមួយកាលពីថ្ងៃចន្ទទី១៩ធ្នូទៅកាន់ប្រទេសដែលបុរសខ្លាំងរបស់ពួកគេបានជួយដល់ការលុកលុយរបស់ពូទីនក្នុងប្រទេសជិតខាងអ៊ុយក្រែន។
លោកពូទីនបានហោះទៅទីក្រុងមីនខ៍ (Minsk)ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់គាត់គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយដ្រូនទាំងហ្វូងៗទៅលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗក្នុងទីក្រុងគៀវ ដែលបង្កឱ្យមានការដាច់ភ្លើងយ៉ាងអាសន្ននៅក្នុងតំបន់រាប់សិប។
លោកពូទីនបាននិយាយថា រុស្ស៊ីនិងបេឡារូស ដែលរងទណ្ឌកម្មថ្មីពីលោកខាងលិចចាប់តាំងពីប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko)ត្រូវបានប្រកាសជាអ្នកឈ្នះអាណត្តិទីប្រាំមួយក្នុងឆ្នាំ ២០២០ ត្រូវបាន “រួបរួមដោយប្រវត្តិសាស្ត្ររួមនិងតម្លៃខាងស្មារតី”។
លោកពូទីនបានហៅប្រទេសទាំងពីរថាជា “សម្ពន្ធមិត្តនិងដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបំផុត” ប៉ុន្តែនិយាយថា ពាក្យចចាមអារ៉ាមដែលថារុស្ស៊ីចង់កាន់កាប់បេឡារូសគឺចេញមកពីមាត់ “មនុស្សអគតិ”។
លោកពូទីនបាននិយាយថា “រុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការលេបត្របាក់ប្រទេសណាមួយទេ នោះមិនសមហេតុផលឡើយ”។
នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសលោក ណេត ប្រាយ (Ned Price)បានចម្អកដាក់ការលើកឡើងរបស់លោកពូទីន។
លោកប្រាយបាននិយាយថា “ខ្ញុំគិតថាសេចក្តីថ្លែងការណ៍បែបនេះត្រូវតែចាត់ទុកថាជាចំណុចកម្ពស់បំផុតនៃរឿងហួសចិត្តពីមេដឹកនាំម្នាក់ដែលឥឡូវនេះកំពុងព្យាយាមលេបត្របាក់អ្នកជិតខាងដ៏សន្តិភាពមួយផ្សេងទៀតរបស់គាត់”។
លោកប្រាយបាននិយាយថា “យើងបានឃើញរបបលូកាសិនកូប្រគល់អធិបតេយ្យភាពរបស់ខ្លួន ប្រគល់ឯករាជ្យរបស់ខ្លួនឱ្យទៅរុស្ស៊ី”។
សូមបញ្ជាក់ថា បេឡារូសបានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន និងប៉ុន្មានម៉ោងមុនពេលលោកពូទីនចុះដល់ទីក្រុងមីនខ៍ រដ្ឋាភិបាលក្រុងមូស្គូបានបញ្ចេញវីដេអូនៃសមយុទ្ធជាមួយកងកម្លាំងបេឡារូស រួមទាំងសមយុទ្ធរថក្រោះ និងការបាញ់កាំភ្លើងស៊ីបនៅទីលានហ្វឹកហាត់ពោរពេញដោយព្រិលទឹកកក។
លោកលូកាសិនកូបានជំរុញកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែជិតស្និទ្ធ ហើយបាននិយាយថា រុស្ស៊ីនិងបេឡារូស “បើកចំហសម្រាប់ការសន្ទនាជាមួយរដ្ឋផ្សេងទៀត រួមទាំងប្រទេសអឺរ៉ុបផងដែរ”។
លោកលូកាសិនកូបាននិយាយថា “ខ្ញុំសង្ឃឹមថាឆាប់ៗនេះពួកគេនឹងស្តាប់សំឡេងនៃហេតុផល”។
ការរំពឹងទុកបានកើតឡើងមុនដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីថា លោកនឹងដាក់សម្ពាធលើលោកលូកាសិនកូឱ្យបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ីបន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានរងបរាជ័យជាបន្តបន្ទាប់ក្នុងរយៈពេលជិត ១០ ខែនៃការប្រយុទ្ធគ្នា។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានច្រានចោលរបាយការណ៍នេះថា “ជាការប្រឌិតរឿងឆោតល្ងង់ និងគ្មានមូលដ្ឋានច្បាស់លាស់”។
ក្នុងខែតុលា បេឡារូសបានប្រកាសបង្កើតកងកម្លាំងក្នុងតំបន់រួមជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ ដោយទាហានរុស្ស៊ីរាប់ពាន់នាក់បានមកដល់អតីតប្រទេសសូវៀតមួយនេះ៕
ពូទីននិងលូកាសិនកូមកដល់វិមានរដ្ឋាភិបាលក្នុងទីក្រុងមីនខ៍កាលពីថ្ងៃចន្ទ