​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រទេស​នានា​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​ធ្នូ​ដើម្បី​បញ្ច្រាស​ការបំផ្លិចបំផ្លាញ​បរិស្ថាន​ជា​ច្រើន​ទសវត្សរ៍​ដែល​គំរាមកំហែង​​ដល់​ប្រភេទ​សត្វ​រុក្ខជាតិ​នានា​និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ពិភពលោក នៅក្នុង​អ្វីដែល​ប្រមុខ​អ​.​ស​.​ប​បាន​សាទរ​ថា​ជា “​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ​”​។​

​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល COP 15 នៅ​ទីក្រុង​ម៉ុងរ៉េអាល់​បាន​ឈាន​ដល់​វគ្គ​ចុងក្រោយ ប្រធាន​កិច្ចប្រជុំ​គឺ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចិន លោក ហ័ង រុន​ឈី​វ (Huang Runqiu)​បានប្រកាសថា​កិច្ច​ព្រម​​ព្រៀង​ត្រូវបាន​អនុម័ត និង បាន​វាយ​ញញួរ​របស់គាត់ ជាហេតុ​បង្ក​ឱ្យ​មាន​ការអបអរ​សាទរ​យ៉ាង​កងរំពង​។​

​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស អគ្គលេខាធិការ​អ​.​ស​.​ប បាន​និយាយ​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ថា “​ទីបំផុត​យើង​កំពុង​ចាប់ផ្តើម​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ​”​។​

​ប្រធាន​សហភាព​អឺរ៉ុប លោកស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ លេន (Ursula von der Leyen) បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​គឺជា “​មូលដ្ឋានគ្រឹះ​សម្រាប់​សកម្មភាព​ជា​សក​ល​ស្តីពី​ជីវចម្រុះ​ដោយ​បំពេញ​​បន្ថែម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សម្រាប់​អាកាសធាតុ​”​។​

​ហើយ​សហរដ្ឋ​អាម៉េរិក​បាន​សាទរ​លទ្ធផល​នេះ​ថា​ជា “​ចំណុច​របត់​” ដោយ​សម្តែង​ការកោតសរសើរ​ចំពោះ​តួនាទី​របស់​ប្រទេស​ចិន​ដែល​ជា​សត្រូវ​របស់ខ្លួន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ណេ​ត ប្រា​យ បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា “​ពេញ​បរិបូរណ៍​និង​ពោរពេញ​ដោយ​មហិច្ឆតា​”​។​

​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ ហើយ​បាន​ចាប់ផ្តើម​ផែនការ “៣០ គុណ ៣០” ផ្ទាល់ខ្លួន​របស់​គាត់​នៅក្នុង​ស្រុក ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​មិនមែនជា​ភាគី​ផ្លូវការ​នៃ​អនុសញ្ញា​ជីវចម្រុះ​ទេ ដោយសារ​តែ​ការជំទាស់​ពី​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​។​

​បន្ទាប់​ពី​ការចរចា​ដ៏​ស្វិតស្វាញ​រយៈពេល​បួន​ឆ្នាំ រដ្ឋ​ជាង ១៩០ ផ្សេងទៀត​បាន​ប្រមូលផ្តុំ​គ្នា​គាំទ្រ​ពី​ក្រោយ​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​ចិន​ក្នុង​គោលបំណង​សង្គ្រោះ​ដី មហាសមុទ្រ និង​ប្រភេទ​សត្វ​នានា​ពី​ការបំពុល ការ​សឹករេចរឹល និង​វិបត្តិ​អាកាសធាតុ​។​

​លោក​ហ័ង​បាន​ប្រាប់​អង្គប្រជុំ​ថា “​យើង​មាន​កញ្ចប់​កិច្ចព្រមព្រៀង​មួយ​នៅក្នុង​ដៃ​របស់​យើង ដែល​ខ្ញុំ​គិត​ថា​អាច​ណែនាំ​ពួកយើង​ទាំងអស់គ្នា​ឱ្យ​ធ្វើការ​រួមគ្នា​ដើម្បី​រក្សា​និង​បញ្ច្រាស​ការបាត់បង់​ជីវចម្រុះ ដើម្បី​ដាក់​ជីវចម្រុះ​នៅលើ​ផ្លូវ​នៃ​ការស្តារ​ឡើង​វិញ​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់​នៅក្នុង​ពិភពលោក​”​។​

​លោក​បាន​បដិសេធ​ការជំទាស់​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​បាន​បដិសេធ​មិន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ ដោយ​ទាមទារ​ឱ្យ​មាន​មូលនិធិ​កាន់តែច្រើន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​៕

​លោក​ហ័ង​វាយ​ញញួរ​អនុម័ត​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ