ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតបាល់ឱបជើងឯកជាតិ ឆ្នាំ២០២២ ដែលជាការសហការរវាង ក្រសួងអប់រំ យុវជន និងកីឡា ជាមួយសហព័ន្ធកីឡាបាល់ ឱបកម្ពុជានោះ បានបញ្ចប់ហើយ។វិញ្ញាសាក្រុមកីឡាបាល់ឱប (ប្រុសឈុតធំ) មេដាយមាស បានទៅលើសមាគមកីឡាកងយោធពលខេមរភូមិន្ទ មេដាយប្រាក់ បានទៅលើក្រុមកីឡាបាល់ឱបក្របីព្រៃ និងមេដាយសំរិទ្ធ បានទៅលើក្រុមកីឡាបាល់ឱបព្រះស៊ីសុវត្ថិ។

វិញ្ញាសាក្រុមកីឡាបាល់ឱបនារី អាយុក្រោម២០ឆ្នាំ ក្រុមកីឡាបាល់ឱបក្របីព្រៃ ទទួលបានចំណាត់ថ្នាក់លេខ១ និងក្រុមកីឡាបាល់ឱបនារី អាយុក្រោម១៦ឆ្នាំ ក្រុមកីឡាបាល់ ឱបផ្កាឈូក ព្រះស៊ីសុវត្ថិ ចំណាត់ថ្នាក់លេខ១ ។

លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថាៈ ការប្រកួតជើងឯក ឆ្នាំនេះ មានក្រុមកីឡាករ-កីឡាការិនី ចូលរួមចំនួន ១០ ក្រុម ក្នុងនោះ ក្រុមឈុតធំបុរស ចំនួន ៥ក្រុម និងក្រុមនារីចំនួន ៥ក្រុម ចំណែកក្រុមនារីចែកចេញជា ២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបនារី ក្រសួងការពារជាតិ ក្រុមកីឡាបាល់ ឱបស្រ្តីផ្កាឈូក (មកពីក្លិបក្របីព្រៃ) និងក្រុមកីឡាបាល់ឱប អនន្ត នារី (មកពីក្លិបអនន្ត) និង២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក ស៊ីសុវត្ថិ អាយុក្រោម ១៦ឆ្នាំ និងក្រុមកីឡាបាល់ឱបបាត់ដំបង នារីអាយុក្រោម១៦ឆ្នាំ។

ចំពោះក្រុមឈុតធំ បុរសចំនួន ៥ក្រុម រួមមាន ក្រុមកីឡាបាល់ឱបសមាគម កីឡាកងយោធាពលខេមភូមិន្ទ នៃក្រសួងការពារជាតិ ក្រុមកីឡាបាល់ ឱបក្លិបក្របីព្រៃ ក្រុមកីឡាបាល់ឱបគោជល់ ក្រុមកីឡាបាល់ឱបអនន្ត និងក្រុមកីឡាបាល់ឱបស៊ីសុវត្ថិ ។

លោក ឧត្តមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោកស្រី ឧត្តមសេនីយ៍ទោ ស៊ុំ សុខា ប្រធានសហព័ន្ធកីឡា បាល់ឱបកម្ពុជា បានអញ្ជើញចូលរួម ប្រកាសបិទព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ឱប 7s ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នេះ៕ V / N