ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី១៩ ធ្នូ ម្សិលមិញនេះ
លោក នូ ចំរើន ដែលជាអគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានអះអាង ថាៈ នៅថ្ងៃទី២៦ ដល់ ២៨ ធ្នូ គឺជាកាលបរិច្ឆេទពិតប្រាកដ សម្រាប់ការប្រណាំងកង់ ជើងឯកជាតិ ឆ្នាំ២០២២។

លោក នូ ចំរើន បានប្រាប់ឲ្យដឹងថាៈ ការប្រកួតថ្នាក់ជាតិនេះ មានប្រតិភូគ្រូបង្វឹក កីឡាករ- កីឡាការិនី ចុះឈ្មោះប្រកួត សរុបមានចំនួន ២៥២ នាក់​មកពី ១៨ ក្លិប សមាគម រាជធានី ខេត្ត ហើយបើរួមបញ្ចូលទាំងមន្ត្រី គណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត មានចំនួនសរុប ចន្លោះពី ៥៥០ នាក់ ដល់ ៦០០ នាក់ ដើម្បីឲ្យដំណើរការប្រកួតនេះ មានភាពរលូនបាន។

ក្រៅពីការប្រកួត ក៏មានការរត់កម្សាន្ត ចម្ងាយ ៣ គីឡូម៉ែត្រ ក្នុងនោះ មានចំនួនកីឡាករ និងក្រុមគណៈកម្មការចំនួន ៣៥០ នាក់ តាមពិត ចំនួនក្លិប សមាគម ជាសមាជិករបស់ សហព័ន្ធ មានច្រើនជាងនេះ ប៉ុន្តែដោយសារលទ្ធភាព នៃការរៀបចំ និងបញ្ហាជំងឺ កូវីដ-១៩ បូកផ្សំផងទៀតនោះ សហព័ន្ធព្យាយាមកាត់បន្ថយ ចំនួនកីឡាករចូលរួម។

ព្រឹត្តិការណ៍នៃការប្រកួតឆ្នាំនេះ មានការចូលរួមពីក្លិបម៉ូតូធំ BMW ដើម្បីជួយសម្រួល ការប្រកួត វិញ្ញាសាកង់គួក ដែលពួកគាត់ សុទ្ធតែជាកីឡាករម៉ូតូ ដែលមានកម្រិតជំនាញ ខ្លាំង ព្រមទាំងមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ ធ្លាប់ចូលរួមរៀបចំព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមឆ្នាំ២០២០ និងការ ប្រកួតថ្នាក់ជាតិ និងកីឡាជាតិលើកទី៣ ឆ្នាំ២០០២ រួចមកហើយ។

គោលដៅនៃការរៀបចំ ព្រឹត្តការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ មានចំនួន ២គឺៈ ទី១ អនុវត្តតាមផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ ដោយមានការឯកភាព និងណែនាំ ពីលោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធ បានដាក់ចេញនូវគោលការណ៍ឲ្យសហព័ន្ធ ពង្រឹងសមត្ថភាព គណៈកម្មការបច្ចេកទេស និងគណៈកម្មការៀបចំការប្រកួត ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជា ការប្រកួតកីឡាទោចក្រយាន លើឆាកអន្តរជាតិ ផ្សេងៗទៀត នាពេលខាងមុខ។

ទី២ គោលដៅរបស់សំខាន់របស់សហព័ន្ធនោះ គឺតាមរយៈការប្រកួតនេះ និងមានការ ចូលរួម ពីកីឡាករ កីឡាការិនី ពីគ្រប់រាជធានី ខេត្ត នៅកម្ពុជា ក៏ដូចជា បានផ្ដល់ឱកាស ដល់ពួកគាត់ ក្នុងការបង្ហាញនូវទេសកោសល្យ ចំណេះ និងជំនាញ ដូច្នេះការប្រកួតនេះ ក៍ដូចជា បានបង្ហាញពីការអភិវឌ្ឍន៍សមត្ថភាព និងកម្រិតបច្ចេកទេសរបស់ពួកគាត់ ទៀតផង។

សម្រាប់សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលកំពុងតែស្វែងរកធនធាន កីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិ ហេតុដូចនេះ មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ តែងតែសំឡឹងមើលលើទេពកោសល្យ របស់ពួកគាត់ ជារៀងរាល់ឆ្នាំ តាមរយៈការប្រ កួតជើងឯកថ្នាក់ជាតិ ជាព្រឹត្តិការណ៍ប្រកួតកម្រិតជាតិ ខ្ពស់ និងធំជាងគេប្រចាំឆ្នាំ ដើម្បីត្រៀមបញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករ ត្រូវទៅចូលរួម​ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕/V-PC