១១​នាក់​ស្លាប់​និង​យ៉ាងតិច​៤៥​នាក់​បាត់​ខ្លួន​ខណៈ​ភ្លៀង​ខ្លាំង​វាយប្រហារ​ជប៉ុន​

3154
ចែករម្លែក

​មនុស្ស​យ៉ាងតិច​៤៥​នាក់​កំពុង​បាត់​ខ្លួន​ខណៈ​ការធ្លាក់​ភ្លៀង​ខ្លាំង​បានសម្លាប់​មនុស្ស​យ៉ាងតិច​១១​នាក់​នៅ​ជប៉ុន​ខាងលិច​និង​កណ្តាល នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌​ NHK​កាលពី​ថ្ងៃ​សៅ​រិ៍​ទី​៧​កក្កដា​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បានចេញ​ការព្រមាន​អំពី​អាកាសធាតុ​នៅ​ទូទាំង​ខេត្ត​៤​នៅ​ខាងលិច​នៃ​កោះ​ហុ​កៃ​ដូ​របស់​ជប៉ុន​ដោយ​អំពាវនាវ​អោយមាន​ការប្រុងប្រយ័ត្ន​អំពី​ការ​​បាក់​ដី ទឹកទន្លេ​ឡើង​និង​ខ្យល់​ខ្លាំង​ចំពេល​ការធ្លាក់​ភ្លៀង​ខ្លាំង​បំផុត​មិនដែល​ធ្លាប់មាន​។​

NHK​បាន​និយាយថា បុរស​ម្នាក់​នៅ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​បាន​ស្លាប់​ក្រោយ​ធ្លាក់​ពីលើ​ស្ពាន​ចូលក្នុង​ទន្លេ ខណៈ​បុរស​វ័យ​៧៧​ឆ្នាំ​ម្នាក់ទៀត​នៅ​ក្រុង តា​កាស៊ី​ម៉ា ស្លាប់​ដោយ​លង់​​ទឹក​ប្រឡាយ​។​មនុស្ស​២​នាក់​ទៀត​ក៏​សង្ស័យថា​ស្លាប់​ក្រោយ​រកឃើញ​ក្នុង​អាគារ​ដែល​រង​ការបាក់​ដី​សង្កត់​ក្នុង​សភាព​គ្មាន​ដង្ហើម​។​

​កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​ក៏បាន​ប្រកាស​អំពី​ការស្លាប់​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​អាក្រក់​នេះ​។​

​មន្ត្រី​ជប៉ុន​បាន​និយាយថា ប៉ូលិស អ្នក​ពន្លត់​អគ្គិភ័យ​និង​ទាហាន​ជប៉ុន​ប្រមាណ​៤៨.០០០​នាក់​បាន​ឆ្លើយតប​ចំពោះ​ការបាក់​ដី​ជាង​១០០​កន្លែង​និង​ការសុំ​ជំនួយ​ផ្សេងៗ​។​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅ​រិ៍ មនុស្ស​ជាង​១,៦​លាន​នាក់​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​របស់គេ ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ការ​ជន់​លិច​និង​បាក់​ដី​សង្កត់​៕​ដោយ​៖​វាសនា​

ពួក​អ្នក​ជួយសង្គ្រោះ​ត្រូវ​បានឃើញ​នៅ​ជិត​ផ្ទះ​ដែល​ខូចខាត​ដោយ​បំណាក់​ដី​បង្កឡើង​ដោយ​ភ្លៀង​ខ្លាំង​នៅ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​កាលពី​ថ្ងៃ​៧​កក្កដា​

ទីតាំងផ្សាយពាណិជ្ជកម្ម