ដោយៈ គង់ហេង / កំពង់ចាម៖ បច្ចុប្បន្នខេត្តកំពង់ចាម មានមន្រ្តីរាជការ ជាជនមាន ពិការភាព ចំនួន ៩៣ នាក់ ពោលគឺស្មើនឹង ១ភាគរយ នៃមន្រ្តីរាជការសរុប ក្នុងខេត្តនេះ ចំនួន ១០.៩១១ នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ទួច វឌ្ឍនា ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៩ ធ្នូនេះ។

នៅក្នុងរបាយការណ៍ស្វាគមន៍ របស់ប្រធានមន្ទីររូបនេះ ធ្វើឡើង ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា លើកទី ២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយមិនអាចកំណត់ ដោយការមើលនឹងភ្នែក នោះទេ»។ ដោយមានការអញ្ជើញចូលរួម ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីជាច្រើនរូប ព្រមទាំងជនមានពិការភាព ជាង ១០០នាក់ ក្នុងបរិវេណសាលា ស្រុកកំពង់សៀម។

លោក ទួច វឌ្ឍនា បានបន្ថែមថាៈ ក្នុងនោះ មន្រ្តីមានពិការភាពចំនួន ៩៣នាក់ គឺមាន ២៧ នាក់ ជាស្រ្តី បាននិងកំពុងបំពេញការងារ នៅតាមមន្ទីរ អង្គភាព ក្នុងខេត្ត បន្ទាប់ពី មានការសម្របសម្រួល ដល់រដ្ឋបាលក្រុង ស្រុកបង្កើតក្រុមការងារកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

លោកបានបន្តថាៈ ជាមួយគ្នានោះ បានធ្វើការផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តការចុះបញ្ជីកា ក្នុងការអនុវត្តកាតព្វកិច្ចជ្រើសរើសជនពិការ ចូលបម្រើការងារ បានចំនួន ២៧ រោងចក្រជាប់កាតព្វកិច្ច។ ដោយចំនួន ១១ រោងចក្រ បានផ្តល់ឯកសារចុះបញ្ជីការួច និងមួយរោងចក្រ បានអនុវត្តបង់ភាគទាន ហើយទទួលបានលិខិតថ្លែងការកោតសរសើរ ដែលបានចូលរួមបង់ភាគទាន រយៈពេល ១២ ខែ។

នាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានមានប្រសាសន៍ ក្នុងសន្ទរកថាជាងបួនទំព័រថាៈ ផ្អែកតាមរបាយការណ៍ជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានបង្ហាញថា អត្រាជនមានពិការភាពកម្ពុជា ដោយគិតត្រឹមអាយុ ៥ឆ្នាំឡើងសរុបចំនួន ៦៨៩.៤៥៧ នាក់ ស្មើនឹង ៤,៩ ភាគរយ នៃប្រជាជនសរុប។ អត្រានេះ មានការកើនឡើង បើប្រៀបធៀបទៅនឹងការអង្កេតសេដ្ឋកិច្ច សង្គម ឆ្នាំ២០១៤ ដែលអត្រាជនមានពិការភាព មានចំនួន ៥២៤.០០០នាក់ ស្មើនឹង ៤ ភាគរយ។ ជាមួយគ្នានេះ ជនមានពិការភាព ដែលបានកំណត់អត្តសញ្ញាណកម្មពិការភាព ទូទាំងខេត្តកំពង់ចាម សរុបចំនួន ១៣.០៤៨ នាក់ (ស្រី៦.៣១០នាក់)។
ទាំងនេះគឺជាកង្វល់របស់រាជរដ្ឋាភិបាល ដែលត្រូវដោះស្រាយក្នុងការធានាការរស់នៅ ប្រកបដោយសមភាព និងភាពថ្លៃថ្នូរ ដូចជនមិនមានពិការភាពទូទៅ ស្របតាមការរីក ចម្រើនរបស់ប្រទេសជាតិ។ នៅកម្ពុជា មូលហេតុចម្បងៗ ដែលនាំឱ្យមានពិការភាព គឺបណ្តាលមកពីជំងឺកង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត។

លោកអភិបាលខេត្តកំពង់ចាម បានបន្តថាៈ ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យពិការភាព ជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័ន លើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាង និងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ ពង្រឹងការផ្តល់ សេវាផ្សេងៗ ដូចដែលមានចែងក្នុងកម្មវិធីនយោបាយផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងការដាក់បញ្ចូលនូវ បញ្ហាជួយជនមានពិការភាព ដោយសារមីន ជាគោលដៅទី១៨ នៃឯកសារគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា សំដៅលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតរស់នៅ របស់ជនមានពិការភាព ដោយសារមីន និងកាកសំណល់ ជាតិផ្ទុះ ពីសង្រ្គាមឱ្យកាន់តែប្រសើរឡើង។

ដើម្បីឆ្លើយតបទៅតាមតម្រូវការ និងស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋក្រីក្រ រាជរដ្ឋាភិបាល បានបង្កើតមូលនិធិជាតិគាំពារសង្គម និងមូលនិធិជាតិជំនួយសង្គម ដែលជាយន្តការថ្មី សំដៅគ្រប់គ្រងការផ្តល់សាច់បា្រក់ ដល់គ្រួសារក្រីក្រ ដែលបាន កំណត់អត្តសញ្ញាណ រួចហើយ។ ក្នុងខេត្តកំពង់ចាម ជនមានពិការភាព ដែលទទួលបាន ប្រាក់ឧបត្ថម្ភ ពីកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល មានចំនួន ៤.៩៦៥នាក់ ក្នុងនោះ ស្រី ២.៦៤៦ និងកុមារ ២៨៣នាក់ និងជនមានពិការភាពក្រីក្រ ទទួលបានរបបគោល នយោបាយប្រចាំឆ្នាំ នៅស្រុកកោះសូទិន ចំនួន ៦៣៩នាក់ បានបើកផ្តល់ចាប់តាំងពីឆ្នាំ ២០១៩មក៕/V-PC