ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍,ដេល្លីម៉េល)៖ អាម៉េរិកកំពុងព្រួយបារម្ភថាការផ្ទុះកូវីដ១៩ដ៏រាលដាលនៅចិនអាចបង្កបង្កើតជាវីរុសបំប្លែងខ្លួនថ្មីៗនៅពេលប្រទេសដែលមានប្រជាជនច្រើនបំផុតនេះកំពុងតស៊ូនឹងផលបង្កឡើងពីការបន្ថូរបន្ថយវិធាការគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងត្អឹង ហៅថាគោលនយោបាយ«សូន្យកូវីដ»ដែលវាបានជួយស្រោចស្រង់ជីវិតមនុស្សយ៉ាងច្រើននៅបីឆ្នាំមកនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក ណេត ប្រាយបាននិយាយក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទថា « គិតដល់ការផ្ទុះកូវីដនៅចិននាពេលបច្ចុប្បន្ន យើងចង់ឃើញការដោះស្រាយវា។យើងដឹងថានៅពេលណាមួយវីរុសនេះនឹងឆ្លងរាលដាលពាសវាលពាសកាល ដែលអាចនឹងបង្កបង្កើតចេញជាវីរុសថ្មីនិងបង្កការគំរាមដល់មនុស្សនៅគ្រប់ទីកន្លែង»។
បើតាមសារព័ត៌មានលោកខាងលិច បណ្តាទីក្រុងចិនកំពុងជួបការឆ្លងកូវីដ១៩នៅរលកថ្មីមួយនិងមានការសង្ស័យថារដ្ឋាភិបាអាចលាក់បាំងតួលេខស្លាប់និងឆ្លងពិតប្រាកដក្រោយអាជ្ញាធរដកចេញវិធានការប្រឆាំងជំងឺនេះដ៏តឹងតឺងដែលប៉ះពាល់សេដ្ឋកិច្ចនិងអារម្មណ៍របស់ប្រជាជន។
កាលពីថ្ងៃចន្ទ ប៉ូលីសនិងបុគ្គលិកសន្តិសុខបានរុញអ្នកកាសែតចេញពីកន្លែងបូជ្ញាសពមួយនៅទីក្រុងប៉េកាំង ហើយអ្នកនាំពាក្យស្ថានទូរចិននៅក្រុងវ៉ាស៊ីនតោនមិនឆ្លើយតបនឹងសំណួរសុំចំណាប់អារម្មណ៍ចំពោះការព្រួយបារម្ភរបស់អាម៉េរិកទេ។
បុគ្គលិកពេទ្យរុញរទោះអ្នកជំងឺក្តៅខ្លួនចូលគ្លីនិចមួយនៅក្រុងសៀងហៃកាលពីថ្ងៃ១៩ធ្នូ៤
បើតាមការចុះផ្សាយរបស់សារព័ត៌មាន ដេល្លីម៉េលរបស់អង់គ្លេសនិងទីភ្នាក់ងារសារព័ត៌មានបារាំង សាកសពមនុស្សកំពុងដាក់តម្រៀបនៅក្នុងមន្ទីរពេទ្យនិងកន្លែងបូជ្ញាសពនៅចិន ចំពេលមានសញ្ញាថារដ្ឋាភិបាលទីក្រុងប៉េកាំងបិទបាំងទំហំពិតនៃការស្លាប់ដោយកូវីដ១៩ ក្រោយប្រទេសបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺ។
វីដេអូដែលត្រូវបានចែករំលែកតាមបណ្តាញសង្គមបង្ហាញសាកសពមនុស្សនៅតាមផ្លូវនៃអាគារពេទ្យ ហើយអ្នកជំងឺដេកពេញៗបន្ទប់ពេទ្យនៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងប្រវេប្រវាទប់ការផ្ទុះកូវីដនៅរលកថ្មីមួយ។
អាជ្ញាធរចិនបានរាយការណ៍អ្នកស្លាប់ពីរនាក់ដោយកូវីដ១៩នៅក្រុងប៉េកាំងកាលពីថ្ងៃម្សិលមិញ តែរូបបង្ហោះក្នុងវីដេអូបង្ហាញសាកសពមនុស្សជាច្រើន។
ទោះជាមានព័ត៌មានដូច្នេះ ក៏អាជ្ញាធរចិនបានសំរេចបន្តបន្ធូរបន្ថយវិធានការប្រឆាំងកូវីដ។ទីក្រុងចុងឈីញ បានចូលរួមជាមួយទីក្រុងចិនមួយចំនួនទៀតដែលអនុញ្ញាតអោយប្រជាជនចេញទៅធ្វើការទោះជាបង្ហាញរោគសញ្ញាឆ្លងកូវីដ។កាសែត Chongqing Dailyបានរាយការណ៍កាលពីថ្ងៃចន្ទថា និយោជិតរដ្ឋដែលចេញរោគសញ្ញាស្រាល« អាចធ្វើការធម្មតា»។
នៅក្រុងប៉េកាំង អាជ្ញាធរបានទទូចសុំអោយប្រជាជន”បន្តជីវិតនិងធ្វើការធម្មតាតាមលទ្ធភាពអាចធ្វើបាន” ហើយអ្នកជំងឺដែលជាហើយ មិនចាំបាច់ធ្វើតេស្តិ៍មុនវចូលទីសាធារណៈទេ។ពួកមន្ត្រីក៏លើកទឹកចិនអោយមានការជួបជុំនិងពិធីអាពាហ៍ពិពាហ៍។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរខេត្តចេជាំង(Zhejiang)ដែលជាមណ្ឌលសេដ្ឋកិច្ចធំមួយជាមួយនឹងមនុស្ស៦០លាននាក់ បាននិយាយថា អ្នកចេញរោគសញ្ញាស្រាល”អាចបន្តធ្វើការបើចាំបាច់” ។ទោះជាយ៉ាងណានៅទូទាំងប្រទេសចិន អាជ្ញាធរបានលើកទឹកចិត្តអោយប្រជាជនដាក់ខ្លួននៅដាច់ពីគេនៅតាមផ្ទះក្នុងពេលព្យាបាលជំងឺ ដោយខុសពីមុនដែលតំរូវអោយមនុស្សប្រភេទដូច្នះចូលមមណ្ឌលចត្តាឡីស័កគ្រប់គ្រងដោយរដ្ឋ៕
បណ្តាក្រុមហ៊ុនឳសថចិនធ្វើការពេញសមត្ថភាពដើម្បីផលិតថ្នាំនិងផ្គត់ផ្គង់តំរូវការអោយគ្រប់គ្រាន់