ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចិត្តវិទូពិការភ្នែកម្នាក់ ដែលទាយយ៉ាងត្រឹមត្រូវនូវការវាយប្រហារ ៩/១១ហើយបានអះអាងថាទីក្រុងនានានឹងប្រឈមមុខនឹងការខ្វះខាតទឹកពីគ្រោះរាំងស្ងួតនៅឆ្នាំ ២០២២ បានអះអាងគួរអោយព្រឺសម្បុរជាថ្មីថា ពិភពលោកយើងអាចនឹងជួបការសាកល្បងអាវុធជីវសាស្ត្រនៅឆ្នាំក្រោយ។
ត្រូវគេល្បីហៅថាគ្រូទាយ Nostradamus នៃតំបន់បាល់កង់ លោកយាយ បាបា វ៉ាន់ហ្គា (Baba Vanga) ដែលស្លាប់កាលពី ២៥ ឆ្នាំមុនក្នុងឆ្នាំ ១៩៩៦ ក្នុងអាយុ ៨៤ ឆ្នាំបានធ្វើការព្យាករណ៍ដ៏គួរឱ្យភ័យខ្លាចចំនួន ៥ សម្រាប់ឆ្នាំ ២០២៣ មុនពេលលោកយាយលាចាកលោក។
ស្ត្រីអាថ៌កំបាំងប៊ុលហ្គារីរូបនេះ ដែលបានបន្សល់ទុករាល់ការទស្សន៍ទាយប្រចាំឆ្នាំរហូតដល់ឆ្នាំ ៥០៧៩ បានស្រមៃឃើញព្យុះព្រះអាទិត្យដ៏មហន្តរាយ ការសាកល្បងអាវុធជីវសាស្ត្រលើមនុស្ស គន្លងរបស់ផែនដីនឹងត្រូវប្រែប្រួល ការផ្ទុះអាវុធនុយក្លេអ៊ែរ និង ការបញ្ចប់កំណើតធម្មជាតិនៅត្រឹមឆ្នាំ ២០២៣។
លោកយាយវ៉ាន់ហ្គាបានព្យាករណ៍ថា “ប្រទេសធំមួយ” នឹងធ្វើការសិក្សាអំពីអាវុធជីវសាស្ត្រលើមនុស្ស ដែលនឹងបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។
ទោះយ៉ាងណា អនុសញ្ញាអាវុធជីវសាស្ត្ររបស់អង្គការសហប្រជាជាតិបានហាមមិនឱ្យអនុវត្តប្រភេទនៃការពិសោធន៍បែបនេះទេ។
លោកយាយបាបា ដែលបានទស្សន៍ទាយយ៉ាងត្រឹមត្រូវអំពីគ្រោះមហន្តរាយនុយគ្លេអ៊ែរនៅឆែរណូប៊ីល (Chernobyl)ក៏បានព្រមានអំពីការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរដ៏មានសក្តានុពលនៅឆ្នាំ ២០២៣ ផងដែរ។
ការទស្សន៍ទាយដ៏គួរឱ្យភ័យខ្លាចបែបនេះកើតឡើងនៅពេលដែលមេដឹកនាំពិភពលោកព្រួយបារម្ភអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន។
ទើបតែកាលពីខែមុន ការផ្ទុះដ៏ខ្លាំងក្លាមួយបានអង្រួនតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរហ្សាផូរីហ្សហ្សា (Zaporizhzhia) របស់អ៊ុយក្រែនដោយប្រធានថាមពលបរមាណូរបស់អ.ស.បបានហៅសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែនថា “គួរឱ្យព្រួយបារម្ភបំផុត”។
លោកយាយបាបាក៏បានទស្សន៍ទាយដែរថា នៅឆ្នាំក្រោយ ផែនដីនឹងជួបប្រទះនឹងការផ្លាស់ប្តូរគន្លងរបស់វា ទោះយ៉ាងណាព័ត៌មានលម្អិតមិនត្រូវបានផ្តល់ឱ្យទេ៕
ការទស្សន៍ទាយប្រចាំឆ្នាំ២០២៣របស់លោកយាយបាបាមើលឃើញពិភពលោកប្រឈមនឹងការផ្ទុះអាវុធនុយក្លេអ៊ែរនិងអាវុធជីវសាស្ត្រ