ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ជីវភាពសហគមន៍មូលដ្ឋាន មានភាពប្រសើរ ចាំបាច់គ្រួសារ ប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ និងពិសេស ត្រូវតែមានការចិញ្ចឹមសត្វ ដាំដំណាំ មានចំណូលក្នុងសហគមន៍ ហើយនិងកូនចៅ បានបន្តការសិក្សាបានខ្ពង់ខ្ពស់។ នេះជាការថ្លែងបញ្ជាក់ ពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

ក្នុងឱកាសអញ្ជើញចូលរួមវេទិកា ស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ គ្រប់សហគមន៍ គួរតែមានម្ហូបអាហារគ្រប់គ្រាន់ ដោយក្នុងនេះ ត្រូវតែមានដំណាំ តាមផ្ទះសម្បែង មានចិញ្ចឹមសត្វគ្រប់គ្នា ក្នុងនេះដូចជា ចិញ្ចឹម មាន់ ទា ក្ងាន ជ្រូក គោក្របី ចៀម ពពែ និងសត្វដទៃទៀត ដោយធ្វើយ៉ាងណា ឱ្យមានអាហារ គ្រប់គ្រាន់ ដើម្បីឱ្យសុខភាពល្អ ដែលផ្តល់នូវកម្លាំងប្រាជ្ញាវាងវៃ ថែមទៀត។

ទន្ទឹមជាមួយគ្នានេះ លោក រដ្ឋមន្រ្តី បានជំរុញឱ្យនៅតាមសហគមន៍ ដែលមានសក្តានុ ពល ត្រូវតែបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋមូលដ្ឋាន មានសេដ្ឋកិច្ចរឹងមាំ មួយកម្រិតទៀត តារយៈការផ្តល់សេវាទេសចរណ៍ល្អ ដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរ ជាដើម។

លោក រដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ វេទិកាថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយក៏ជាកន្លែងដែលអាចសន្ទនា រវាងបងប្អូនប្រជា សហគមន៍ ជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល ដែលអាចធ្វើការយ៉ាង ជិតស្និទ្ធជាមួយគ្នា ដើម្បីតម្រង់ទិសថា យើងគួរទៅណា ឱ្យបានច្បាស់លាស់។ ជាមួយ គ្នានេះ លោកបានលើកទឹកចិត្តឱ្យបងប្អូន ប្រជាសហគមន៍ បន្តដាំដំណាំ ចិញ្ចឹមសត្វ ដាំឈើ ដើម្បីធានាបាននូវសេដ្ឋកិច្ច សន្តិសុខស្បៀង សម្រាប់គ្រួសារ និងសហគមន៍ ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាៈ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលយើង កំពុងទទួលបាន គឺជាឱកាសមាស ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ កត្តាទាំងអស់នេះហើយ បានអនុញ្ញាតឱ្យកម្ពុជា មានតំបន់អភិរក្សរបស់ខ្លួនច្រើនជាងមុន និងធ្វើឱ្យកម្ពុជា មានការគិតគូរពីបរិស្ថាន។ តំបន់អភិរក្ស ជាសសរកន្លោង​សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេស ជីវភាពសហគមន៍។

គួរបញ្ជាក់ឱ្យដឹងថា ការរៀបចំវេទិកា ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ «ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» គឺយន្តការបន្ត ក្នុងការពិនិត្យវឌ្ឍនភាព នៃការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ក្នុងកិច្ចការពារ និងអភិរក្សជីវៈចម្រុះ ពិភាក្សា និងដោះស្រាយនូវ ការប្រឈមនានា និងការដាក់ចេញនូវទិសដៅ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធាន ធមុ្មជាតិ ប្រកបដោយការចូលរួម និងមាននិរន្តរភាព នៅក្នុងតំបន់ការពារធម្មជាតិ។

វេទិកានេះ ប្រព្រឹត្តទៅក្នុងគោលបំណងចម្បងៗ មួយចំនួន រួមមាន៖ ១) ពិនិត្យវឌ្ឍន ភាពនៃការចូលរួម គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ។ ២)ចែករំលែកចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សហគមន៍មូលដ្ឋាន ជម្រើសមុខរបរ ចិញ្ចឹមជីវិត ដោយមិនពឹងអាស្រ័យ តែលើធនធានធម្មជាតិ និង៣) លើកកម្ពស់ភាព ជាម្ចាស់ និងផ្តល់ឱកាសដល់សហគមន៍ ក៏ដូចជាអ្នកពាក់ព័ន្ធ នៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ឱ្យមាននិរន្តរភាព ដាក់ចេញនូវ ទិសដៅរួម ដើម្បីបន្តគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ និងជំរុញពិពិធកម្មមុខរបរ ប្រកបដោយលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាព ទៅនឹងការអភិរក្ស៕/V/R