ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រោមកិច្ចសហការគាំទ្រដោយអង្គការយូណេស្កូ ក្រសួងអប់រំយុវជន និង កីឡា បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ។
គួរបញ្ជាក់ថាសមិទ្ធផលថ្មីនេះ គឺជាធាតុចូលមួយដ៏សំខាន់ សម្រាប់លោកគ្រូ អ្នកគ្រូបង្កើន ចំណេះដឹងបន្ថែមទៀត ទៅលើខ្លឹមសារ និងវិធីសាស្ត្របង្រៀន ព្រមទាំងបានអនុវត្តនូវវិធីសាស្ត្រ ល្បិចបង្រៀន និងយុទ្ធវិធីថ្មីៗ ពោលគឺមានសមត្ថភាពប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង សម្រាប់បង្រៀនសិស្ស ឱ្យទទួលបានជោគជ័យ ឆ្លើយតបទៅនឹងកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។
បើតាម ទំព័រ ហ្វេសប៊ុក របស់ក្រសួងអប់រំបានឱ្យដឹងថា៖ «តាមរយៈសមិទ្ធផលនេះដែរសិស្សានុសិស្សយើងទាំងអស់នឹងទទួលបានចំណេះដឹង បំណិនក្នុងការគិត ចេះដោះស្រាយបញ្ហា ចេះគណនាលេខបានឆាប់រហ័ស និងអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃតាមរយៈសេវាដ៏ល្អរបស់សាលារៀន»។
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូដែលបានសហការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ព្រមទាំងជួយសម្របសម្រួលកម្មវិធី ដោយផ្ដោតលើមុខវិជ្ជា គណិតវិទ្យាថ្នាក់ទី១ ដល់ទី៣ ដើម្បីជួយសម្រេចលទ្ធផលសិក្សា នៅកម្រិតថ្នាក់ដំបូង ឱ្យបានល្អប្រសើរឡើងមួយនេះ៕/R