ដោយ៖សុផល/ភ្នំពេញ៖សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ សហការជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមព្រមទាំងដៃគូជាច្រើនទៀតរួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាលបារៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិ បាល។ កម្មវិធីនេះជាកម្មវិធីលើកទី១៥ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តផ្តល់អំណោយឈាមដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។
កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខា ភិបាល, ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សា ក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល,លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ តំណាងដៃគូព្រមទាំង សាស្ត្រាចារ្យ-បុគ្គលិក និងនិស្សិតអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម ប្រមាណជាង៣០០នាក់ ។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍កោតសសើរដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្ត្រាចារ្យនិងអ្នកស្ម័គ្រ ចិត្តផ្តល់អំណោយឈាមទាំងឡាយដែលមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាមជាទៀងទាត់ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាពរបស់យុវ ជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ដោយស្ថានភាពនៃសង្គមមានសភាពវិល ត្រឡប់មកកាន់ប្រក្រតីភាពវិញ គួបផ្សំជាមួយយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល សាកលវិទ្យាល័យបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានឡើងវិញនូវការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ-បុគ្គលិក និងនិស្សិតនៅបរិវេណសាកលវិទ្យាល័យស្របតាមគន្លងប្រក្រតីភាពថ្មី។ បន្ថែមពីនេះ ឯកឧត្តមសូមកោតសសើរ និងថ្លែងអំណរគុណដល់វីតាល់ ដែលតែងតែនៅជាមួយសាកលវិទ្យាល័យ ចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងដល់ដំណើរការរៀបចំតាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី, អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរំលឹកពីអនុស្សាវរីយ៍ វីតាល់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយចាប់តាំងពីឆ្នាំ២០១៣ វីតាល់ បានក្លាយជាដៃគូយុទ្ធសាស្ត្រ របស់សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលក្នុងការចូលរួមឧបត្ថម្ភទាំងស្រុងសម្រាបការរៀបចំកម្មវិធីទទួលយកអំណោយឈាម ជារៀងរាល់ឆ្នាំពីសប្បុរសជន។លោកជំទាវ បានបន្ថែមថា វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែល វីតាល់ បានចាត់ទុកជាអាទិភាពផងដែរ។ តួយ៉ាង ដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបានក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផល វីតាល់ ដែលជានិច្ចកាល វីតាល់បាន បន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ពីវីតាល់ក្នុង១ដបបង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។បុរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់បន្តចូរួមឧបត្ថម្ភ គាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការនិងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ និងក្តីសប្បុរស។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិទាំងអស់ យើងពិតជាមានកិត្តិយសក្រៃលែងដោយបានរួមសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងក្រុមហ៊ុនវីតាល់ក្នុងការលើកកម្ពសការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាម មានសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។
គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការឧបត្ថម្ភ គាំទ្រដោយវីតាល់ រយៈពេល១ថ្ងៃនេះ ទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមប្រមាណជិត៣០០នាក់។ វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភ គាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន៕Ph