ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: លោក ស សុខា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធានកិត្តិយស​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​បំពេញបន្ថែម​សមាសភាព​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្ត ក្រុង ស្រុក និង​ថ្នាក់​ការិយាល័យ របស់​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង​។​

​លោក ស សុខា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​នៃ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចុះ​ធ្វើ​សកម្មភាព​សង្គម មនុស្សធម៌ និង​អភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​ខេត្តព្រៃវែង ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល នាពេល​កន្លងមក ។

​ជាមួយគ្នានេះ លោក ស សុខា ក៏បាន​សម្តែង​ការចូលរួម​អបអរសាទរ​ជាមួយ​សមាសភាព​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​របស់​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ដែល​ត្រូវ​បានប្រកាស​តែងតាំង​ថ្មី​ទាំង ៤០៩​នាក់ និង​ជំរុញ​ឲ្យ​យក​តួនាទី​ថ្មី​នេះ ទៅធ្វើ​សកម្មភាព​សំដៅ​បម្រើ​ដល់​ផល​ប្រទេសជាតិ រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​ថ្លែង​ក្នុងឱកាស​នោះដែរ លោក ស សុខា ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ស្នើ​ដល់​ប្រធាន អនុប្រធាន និង​សមាជិក សមាជិកា​របស់​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ទាំងអស់ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ការពារ​ឯករាជ្យ​ជាតិ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បន្ត​បេសកកម្ម​របស់ខ្លួន​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​យោង​របាយការណ៍​រប​ស់លោក​ងិន បា​ណា​ល់ ប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង បាន​បញ្ជាក់ថា សមាសភាព​ដែល​ត្រូវបានតែងតាំង និង​ប្រកាស​បន្ថែម​ថ្មី មាន​ចំនួន ៤០៩​នាក់ ដោយ​ក្នុងនោះ​មាន​អនុប្រធាន​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ចំនួន ២​នាក់ គឺ​ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ និង​លោក សែម គ​ន្ធា ៕​/R