ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កូរ៉េខាងជើងកាលពីថ្ងៃអង្គារទី២០ធ្នូ បានថ្កោលទោសការបង្កើនកម្លាំងយោធាជប៉ុនក្នុងយុទ្ធសាស្ត្រសន្តិសុខថ្មីមួយ ដោយហៅថាថាគ្រោះថ្នាក់ហើយបានប្តេជ្ញាតតប ។របបដឹកនាំរបស់គីម ជុងអ៊ុន នេះក៏បានព្រមានអំពីការសាកល្បងកាំជ្រួចផ្លោងឆ្លងទ្វីបមួយទៀតក្នុងពេលឆាប់ៗ។
ជប៉ុនកាលពីសប្តាហ៍មុនបានប្រកាសការបង្កើនចំណាយយោធាធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ នៅពេលមានភាពតានតឹងទាំងជាមួយចិននិងកូរ៉េខាងជើង គួបផ្សំនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ។
ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថាជប៉ុនបានធ្វើអោយលេចចេញទំរង់«សមត្ថភាពវាយប្រហារបង្ការទុកជាមុន»ជាមួយនឹងយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដែលនឹងនាំដល់ការផ្លាស់ប្តូរយ៉ាងគំហ៊ុកមួយចំពោះបរិយាកាសសន្តិសុខនៅអាស៊ីបូព៌ា។ក្រសួងក៏រិះគន់អាម៉េរិកចំពោះ«ការអន្ទងទាក់ទាញនិងពន្យុះអោយជប៉ុនបំពាក់អាវុធ ហើយបង្កើតគំរោងផែនការឈ្លានពានឡើងវិញ» ។
វាបានបន្ថែមដា កូរ៉េខាងជើងនឹងសម្តែងការមិនសប្បាយចិត្តរបស់ខ្លួនជាមួយនឹងសកម្មភាពដើម្បីរំលេចអំពីការសំរេចចិត្ត«ខុសឆ្គងនិងគ្រោះថ្នាក់ណាស់»របស់ជប៉ុន។
សូមបញ្ជាក់ថា នៅឆ្នាំនេះកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចរាប់សិបដើម រួមមានកាំជ្រួចផ្លោងឆ្លងទ្វីប (ICBM)ដែលអាចហោះដល់ដីគោកអាម៉េរិក ដោយផ្គើននឹងទណ្ឌកម្មរបស់អន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្តូនស្រីដ៏មានឥទ្ធិពលរបស់គីម ជុងអ៊ុន បានព្រលយអំពីភាពជឿនលឿនខាងវិទ្យាសាស្ត្រនៅក្នុងប្រព័ន្ធICBMរបស់កូរ៉េខាងជើងនិងបានព្រមាន«ចាត់វិធានការយោធាដាច់ខាតនិងមោះមុតដើម្បីការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិរបស់យើង»ដោយសារតែភាពស្មុគស្មាញសន្តិសុខបង្កឡើងដោយយុទ្ធសាស្រ្តសន្តិសុខរបស់ជប៉ុន។
កូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងចម្ងាយមធ្យមពីរដើមកាលពីថ្ងៃអាទិត្យ ដោយហៅវាថាជាការសាកល្បងសំរាប់ការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍មួយ។
នៅពេលតែប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងចេញសេចក្តីថ្លែងការណ៍ កងទ័ពអាកាសអាម៉េរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រB-52និងយន្តហោះទម្លាក់គ្រាប់អាចបំបាំងកាយពីរ៉ាដាធុនF-22មកកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមសមយុទ្ធជាមួយយន្តហោះF-35 និង F-15Kរបស់កូរ៉េខាងត្បូង ។វាជាការសម្ញែងកម្លាំងចុងក្រោយទល់នឹងកូរ៉េខាងជើង។
ការចូលរួមរបស់យន្តហោះទម្លាក់គ្រាប់ចម្ងាយឆ្ងាយជំនាន់ទីប្រាំF-22 Raptorដែលបច្ចុប្បន្នតាំងនៅជប៉ុន ជាការបង្ហាញខ្លួនលើឧបទ្វីបកូរ៉េលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០២៨ នៅពេលសម្ពន្ធមិត្តធ្វើសមយុទ្ធរួមគ្នានៅកូរ៉េខាងត្បូង៕