ដោយៈសុផល ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោកស្រីកុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា (Cambodia National Logistics Information Portal) ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជូនព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់គ្រប់គ្រងថែទាំ។
កម្មវិធីនេះមានការចូលរួមពីលោកបណ្ឌិត KIM Jong-hak អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានKRIHS តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ សមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញផ្លូវគោកនៃកម្ពុជា និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធមកពីគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រគល់ជូនប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា ក្រោមគម្រោងសហប្រតិបត្តិការ “Cambodia Master Plan of Logistics System Modernization and Pilot Project of Logistics Computer System” ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ជូនព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់គ្រប់គ្រង និងថែទាំបន្ត។
សូមជម្រាបជូនថាប្រព័ន្ធនេះ ត្រូវបានដំឡើងរួចរាល់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) រួមរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនដោយបានឆ្លងកាត់ ការត្រួតពិនិត្យ និងប្រជុំពិភាក្សាជាច្រើនលើកច្រើនសារជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីធានាឱ្យបាននូវកម្រិតស្តង់ដារនិងនិរន្តរភាព ការងារ។
លោកស្រី កុយ សុដានី បានថ្លែងថា៖ការប្រគល់ជូននូវប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជានេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យសម្រេច បាននូវគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មជាតិកម្ពុជា ដែលបានផ្តោតលើគោលដៅសំខាន់ៗចំនួន០៣ គឺ៖ ១)ការបង្កើតផែនការមេប្រព័ន្ធគ្រប់គ្រង ព័ត៌មានភស្តុភារកម្មជាតិ ២) ការអនុវត្តសាកល្បងនៃប្រព័ន្ធព័ត៌មានភស្តុភារកម្ម និង ៣) ការបង្កើនសមត្ថភាពរបស់មន្រ្តីរាជការតាមរយៈការបណ្តុះបណ្តាលក្នុងប្រទេស និងនៅប្រទេសកូរ៉េផងដែរ៕ សរន / N