ដោយៈសុផល ភ្នំពេញ៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ បានត្រូវប្រកាសដាក់ដំណើរការកាលពីព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២២។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មី នេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រីកការផ្តល់សេវាសាធារណៈឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណ​របស់រាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាពដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសគឺចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់គឺបង្កឱ្យមាន​សារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន)។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីចំនួនយានយន្តដែលហួសសុពលភាពឆៀក ដែលក្នុងនោះមានចំនួនប្រមាណជាង ១៧០ពាន់គ្រឿង ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រី បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដូចបានរៀបរាប់ពីខាងដើម។ ដើម្បីបញ្ចៀសនូវការរង់ចាំ និងកកស្ទះនៅមណ្ឌលឆៀក បងប្អូនប្រជាពលរដ្ឋក៏អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (Online) ដើម្បីណាត់ពេលវេលាក្នុងការយានយន្តមកត្រួតពិនិត្យ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម៖ https://techinspection.mpwt.gov.kh ផងដែរ។

សូមជម្រាបជូនដែរថា៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕/R