ដោយ:បូកគោ/កំពតៈ មន្ត្រីជំនាញបានបញ្ជាក់ថាបន្ទាប់ពីវិបត្តិកូវីដ-១៩បានធូរស្បើយនោះ បានធ្វើឲ្យភ្ញៀវជិតឆ្ងាយសម្រុកចូលមកលម្ហែកម្សាន្តក្នុងខេត្តកំពតជាហូរហែ។ ភ្ញៀវភាគច្រើនបានចាប់អារម្មណ៍ទៅកម្សាន្តនៅបណ្តារមណីយដ្ឋានតាមដងព្រែកកំចាយដែលជាបណ្តុំទេសចរណ៍តំបន់ទឹកឈូព្រោះតែកំណើននៃសេវាកម្សាន្ត និងភាពរាក់ទាក់របស់ប្រតិបត្តិករ។
លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថាក្រោមកិច្ចខិតខំរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វើឲ្យវិស័យទេសចរណ៍កាន់តែល្អប្រសើរ។ គោលដៅទេសចរណ៍ក្នុងខេត្តបានកើនឡើងរហូតដល់ជិត៤០កន្លែងដោយមានរមណីយដ្ឋាន២៣កន្លែង សហគមន៍ទេសចរណ៍បួនកន្លែង គោលដៅទាក់ទាញទេសចរបួនកន្លែង ទីតាំងបោះតង់ប្រាំកន្លែង និងមណ្ឌលកម្សាន្តជាច្រើនទៀតកំពុងរៀបចំជាបន្តបន្ទាប់។
លោកប្រធានមន្ទីរបានបន្តថាក្នុងខេត្តមានប៉ូលទេសចរណ៍សំខាន់ៗចំនួនបី រួមមាន បណ្តុំទេសចរណ៍តំបន់ទឹកឈូ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់ទំនប់ម្លិច។ បច្ចុប្បន្ន ភ្ញៀវជិតឆ្ងាយមានការនិយមចូលចិត្ត និងចាប់អារម្មណ៍ទៅកម្សាន្តនៅរមណីយដ្ឋានដងព្រែកកំចាយដែលជាផ្នែកមួយនៃបណ្តុំទេសចរណ៍តំបន់ទឹកឈូ។ នៅទីនោះ ប្រតិបត្តិករទេសចរណ៍អនុវត្តបានល្អរាល់គោលការណ៍ណែនាំរបស់មន្ត្រីជំនាញទាំងផ្នែកអនាម័យបរិស្ថាន គុណភាពអាហារ ក៏ដូចជាបដិសណ្ឋារកិច្ច ពិសេសបានប្រកាន់យកស្នាមញញឹមដែលជាទំនៀមទម្លាប់ប្រពៃណីជាតិ។
លោកនរាជ ទេសចរមកពីរាជធានីភ្នំពេញបានរៀបរាប់ថាលោកបានខេត្តកំពតជាញឹកញយ តែសម្រាប់រមណីយដ្ឋានតាមដងព្រែកកំចាយនេះជាលើកដំបូង។ ទីនេះ ទេសភាពល្អត្រកាល ខ្យល់អាកាសបរិសុទ្ធ អាចគយគន់ជួរភ្នំ ដងព្រែក និងតម្លៃសេវាកម្មគ្រប់យ៉ាងសមរម្យអាចទទួលយកបាន។ ចំណែកអ្នកលក់ដូរមានភាពរាក់ទាក់ដែលធ្វើឱ្យលោកមានចិត្តចង់មកកម្សាន្តបន្តបន្ទាប់ទៀត។
ប្រធានមន្ទីរទេសចរណ៍ លោកសយ ស៊ីណុលបានបញ្ជាក់ឱ្យដឹងផងដែរថា រយៈពេល១១ខែនៃឆ្នាំ២០២២នេះ ទេសចរបានមកកម្សាន្ត និងស្នាក់អាស្រ័យក្នុងខេត្តកំពតមានប្រមាណជាង១លាន៧សែននាក់។ បរិមាណនោះបានកើនឡើងជាង១០០ភាគរយបើប្រៀបធៀបឆ្នាំ២០២១ និងកើនឡើងជាង៥ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩មុនដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយនេះសេវាកម្មទេសចរណ៍ផ្សេងៗក៏មានការកើនឡើងផងដែរ។ ជាក់ស្តែងសេវាស្នាក់នៅរហូតដល់មានជាង៤.៦០០បន្ទប់។ បើបូករួមទាំងសេវាបោះតង់នោះ ខេត្តកំពតមិនមានបញ្ហាខ្វះកន្លែងស្នាក់នៅទេ៕/R