ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ ការិយាល័យថ្មីរបស់មន្ទីរបញ្ចកោណដែលទទួលបន្ទុកតាមដានរបាយការណ៍យានUFOបានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុនថាមិនទាន់មានភស្តុតាងបង្ហាញថា មនុស្សភពក្រៅកំពុងមកមើលឬបានដល់ផែនដីនៅឡើយទេ។
ក្រុមមន្ត្រីបានប្រាប់អ្នកយកព័ត៌មានរួមទាំងវេបសាយ The War Zoneថា ប៉ុន្តែក្នុងករណីថ្មីៗរាប់រយនៃបាតុភូតពីលើអាកាសមិនស្គាល់អត្តសញ្ញាណ (UAP)ដែលការិយាល័យដោះស្រាយភាពមិនប្រក្រតីនៃដែនទាំងពួង (AARO)កំពុងស៊ើបអង្កេត គឺមានការបង្ហាញពីការគំរាមកំហែងដែលអាចកើតមានចំពោះទីតាំងយោធារបស់សហរដ្ឋអាម៉េរិកនិងការសង្កេតលើវត្ថុមានសក្ដានុពលជាមួយការហោះហើរយ៉ាងលឿន ដែលត្រូវការការស្រាវជ្រាវបន្ថែម។
ការិយាល័យ AARO ត្រូវបានបង្កើតឡើងក្នុងខែកក្កដាដើម្បីដោះស្រាយការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើវត្ថុមិនស្គាល់អត្តសញ្ញាណនៅលើនិងក្រោមសមុទ្រ នៅលើអាកាសក៏ដូចជាក្នុងលំហ និងវត្ថុ “ឆ្លងកាត់” រវាងដែនទាំងនោះ។
ការិយាល័យនេះត្រូវបានដាក់ឱ្យដំណើរការចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងដល់ទីតាំងយោធារបស់អាម៉េរិកនិងទ្រព្យសម្បត្តិកងទ័ពជើងទឹកនិងអាកាសពីវត្ថុដែលមិនស្គាល់ប្រភពដើម និងជាការប្តូរឈ្មោះនៃកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតរបស់មន្ទីរបញ្ចកោណ UAPពីមុន ដែលហៅថា ក្រុមគ្រប់គ្រងនិងកំណត់អត្តសញ្ញាណវត្ថុតាមអាកាស (AOIMSG)ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន។
សន្និសីទសារព័ត៌មានដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក រ៉ូណាល់ ម៉ូលទ្រី (Ronald Moultrie)និងនាយកការិយាល័យ AARO លោកបណ្ឌិត ស៊ីន កឺកផាទ្រីក (Sean Kirkpatrick) បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីព្រឹទ្ធសភាបានអនុម័តច្បាប់ស្តីពីការផ្តល់អំណាចដល់វិស័យការពារជាតិក្នុងឆ្នាំសារពើពន្ធ ២០២៣ (NDAA) ដែលរួមបញ្ចូលភាសាកូដអំពីរបៀបដែលការិយាល័យ AARO នឹងស៊ើបអង្កេតវត្ថុទាំងនេះនិងការពារវិស័យការពារជាតិ បុគ្គលិកក្រសួង និងអ្នកម៉ៅការ ដែលរាយការណ៍ព័ត៌មានលម្អិតអំពីវត្ថុទាំងនោះ។ គេរំពឹងថាច្បាប់ NDAA នឹងត្រូវអនុម័តដោយប្រធានាធិបតី ចូ បៃដិន៕
ការិយាល័យដោះស្រាយភាពមិនប្រក្រតីនៃដែនទាំងពួង (AARO)នៅមន្ទីរបញ្ចកោណអាម៉េរិក