ដោយ:ពៅនិមល/ភ្នំពេញ៖ តាមការចង្អុលបង្ហាញរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលខាងមុខនេះ ក្រសួងនឹងប្រកាសបើកទូលាយដល់មន្ត្រីទាំងអស់ ឲ្យដាក់ពាក្យស្នើសុំទទួលមុខតំណែងដែលនឹងនៅទំនេរមួយចំនួន។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអភិវឌ្ឍធនធានមនុស្ស កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ លោករដ្ឋមន្ត្រី ឌិត ទីណា បានដាក់ទិសដៅឱ្យនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍធនធានមនុស្ស រៀបចំនីតិវិធីប្រកបដោយតម្លាភាព និងប្រកាសបើកទូលាយដល់មន្ត្រីទាំងអស់ ក្នុងការដាក់ពាក្យស្នើសុំទទួលមុខតំណែងដែលនៅទំនេរ ដើម្បីធានាប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាពការងារ។
ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងពេលឆាប់ៗនេះ នាយកដ្ឋានបុគ្គលិក នឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌ និងលក្ខណ:សម្បត្តិ សម្រាប់ការដាក់ពាក្យស្នើសុំទទួលមុខតំណែងដែលនឹងនៅទំនេរមួយចំនួន។ ក្រុមការងារក្រសួង នឹងពិនិត្យវាយតម្លៃលើពាក្យស្នើសុំ ដោយផ្អែកលើសមត្ថភាព និងលក្ខណ:សម្បត្តិដែលតម្រូវ ដើម្បីជ្រើសរើសបេក្ខជនដែលសក្តិសមបំផុតសម្រាប់មុខតំណែងនីមួយៗ។ ក្នុងនោះ ក្រសួងបានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចលទ្ធផលការងារកាន់តែល្អប្រសើរ ដើម្បីទទួលបានឱកាសការងារ និងចូលរួមចំណែកកាន់តែច្រើនថែមទៀតក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ៕ សរន / N