ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ អង្គការគ្រួសារកុមារអភិវឌ្ឍន៍(FRA)បានប្រគេននិងផ្ដល់អាហាររូបកណ៍ដល់សមណៈនិស្សិតនិងនិស្សិតចំនួន៣៨ អង្គ/នាក់ ដែលកំពុងសិក្សារកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅពុទ្ធិកវិទ្យាល័យ សម្ដេចជា ស៊ីម នាវត្តចមសទ្ធាវាសហៅវត្តស្វាយចាស់នាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមួយអង្គទទួលបានបច្ច័យ៥០០ដុល្លារសម្រាប់បន្តការសិក្សាពីឆ្នាំ២០២៣។

លោកស្រី យ៉ាំង អួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ ប្រចាំនៅកម្ពុជាឲ្យដឹងថា ថវិកាដែលអង្គការ បានប្រគល់ដល់សមណៈសិស្ស និស្សិតនាពេលនេះគឺបានមកពីការកៀងគររកពីសប្បុរសជននានា ដែលមានសន្ដានចិត្តអាណិតស្រឡាញ់ដល់ប្រជាជនកម្ពុជា ពិសេសគឺវិស័យសិក្សាអប់រំដែលជាវិស័យអាទិភាពបង្កើតនូវធនធានមនុស្ស។

លោកស្រីនាយិកា បានបន្តថា : ជាទូទៅនិងជាបទពិសោធន៍បើមានធនធានមនុស្សច្រើន នាំអោយប្រទេសមានការរីកចម្រើនខ្លាំងជាពុំខាន ។ ដូចនេះតម្រូវឲ្យសិស្ស និស្សិត សាមណសិស្ស និស្សិយត្រូវខិតខំប្រឹងប្រែងពេញទំហឹងក្នុងការរៀនសូត្រ ស្រាវជ្រាវ យកល្អឲ្យដល់ថ្នាក់ឧត្តមសិក្សាមានបរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតជាដើម ដើម្បីយកនូវចំណេះដឹង មកបម្រើខ្លួនឯង គ្រួសារប្រទេសជាតិ។ ហេតុនេះ អោយតែសិស្ស និស្សិត សាមណសិស្ស និស្សិតខិតខំរៀនសូតហរហើយបាននិទ្ទេសនិងចំណាត់ថ្នាក់ល្អ នោះអង្គការនឹងខិតខំទ្វេរស្វែងរកថវិកាដើម្បីផ្គត់ផ្គង់ដល់សាមណសិស្សនិស្សិតជាបន្តបន្ទាប់ទៀតរៀងរាល់ឆ្នាំ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ដែលតែងតែយកចិត្តទុកដាក់ទៅឧបត្ថម្ភដល់សាមណសិស្សនិស្សិត ដែលមានជីវភាពខ្វះខាតលើការសិក្សា៕/R