ដោយៈ ភួង សុខថា អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពជា/ភ្នំពេញ៖ខ្ញុំឈ្មោះ នុត ចន អាយុ៨៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ នុត ផ្លុង និង ម្តាយឈ្មោះ ព្រាប ពែន។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់ដោយសារជំងឺចាស់ជរានៅក្នុងសម័យសង្គមរាស្ត្រនិយម។

នៅអាយុ១៧ឆ្នាំខ្ញុំចូលបួសជាព្រះសង្ឃនៅវត្តពន្លៃខ្ញុំបួសបានរយៈពេល២១ព្រះវស្សាក៏ឡើងតំណែងជាព្រះចៅអធិការវត្តពន្លៃ។ ខ្ញុំបង្រៀនលោកនេនតូចៗឱ្យចេះសីលវិន័យអ្នកបួស។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅពេលទ្រង់យាងចេញទៅក្រៅប្រទេស។

នុត ចន សព្វថ្ងៃរស់នៅភូមិពន្លៃ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

អំឡុងពេលនោះព្រះសង្ឃទាំងអស់មិនតម្រូវឱ្យសឹកនោះទេប៉ុន្តែការរស់នៅជួបការលំបាកយ៉ាងខ្លាំងដោយសារការផ្លោងគ្រាប់បែករបស់ទាហានរដ្ឋការ។

មកដល់ឆ្នាំ១៩៧៥ ព្រះសង្ឃនៅក្នុងវត្តពន្លៃទាំងអស់ត្រូវបង្ខំឲ្យសឹក។ មុនដំបូងខ្ញុំមិនមានបំណងចង់សឹកនោះទេ ប៉ុន្តែបន្ទាប់ពីបានឮឈ្លបភូមិនិយាយថា «បើទុកវាំងត្រូវទុកស្តេច ហើយបើទុកវត្តត្រូវទុកព្រះសង្ឃ» ទើបខ្ញុំយល់អត្ថន័យ និងសឹកដោយខ្លួនឯង។ នៅពេលសឹករួចខ្ញុំត្រឡប់ទៅជួយឃ្វាលគោ-ក្របី និងជួយធ្វើស្រែចម្ការឪពុកម្តាយរបស់ខ្ញុំវិញ។

នៅពេលខ្ញុំត្រឡប់មករស់នៅផ្ទះបានរយៈពេលមួយខែ អង្គការបានហៅប្រជាជននៅក្នុងភូមិទាំងអស់ទៅប្រជុំ និងដាក់ផែនការឲ្យប្រជាជនប្រមូលរបស់របរទាំងអស់ដាក់ចូលជារបស់រួមហើយធ្វើការងារជាក្រុមតាមផែនការដែលអង្គការដាក់ឲ្យ។ ក្រោយពីប្រជុំចប់ កម្មាភិបាលដឹកនាំខ្មែរក្រហមម្នាក់ឈ្មោះ រ៉ន បានដាក់ផែនការឲ្យខ្ញុំទៅខាងនេសាទ ប៉ុន្តែសម្រាប់តែឈ្មោះ ផុន ដែលមានតួនាទីធំជាង រ៉ន បានមកប្ដូរឲ្យខ្ញុំទៅនៅខាងភ្ជួររាស់វិញ។ ផុន បានផ្តល់នង្គ័លមួយ គោមួយនឹម ដងរែកមួយគូ និងសង្រែកពីរមកឱ្យខ្ញុំ។

ខ្ញុំខិតខំធ្វើការងារខ្លាំងណាស់ព្រោះមិនចង់ឲ្យប្រធានក្រុមស្តីបន្ទោស។ រហូតមកដល់ឆ្នាំ១៩៧៦។ ខ្ញុំបានរៀបការជាមួយប្រពន្ធរបស់ខ្ញុំឈ្មោះគីមសេងមួយឆ្នាំក្រោយមកបន្ទាប់ពីប្រពន្ធរបស់ខ្ញុំសម្រាលកូនបានរយៈពេលមួយខែអង្គការបានចាត់តាំងខ្ញុំទៅជីកព្រែកនៅសន្ទៃនៅទីនោះប្រជាជនទាំងអស់ត្រូវទៅរកស្លឹកឈើមកប្រក់ដំបូលធ្វើជាជម្រកសម្រាប់ស្នាក់អាស្រ័យ។ខ្ញុំនៅសន្ទៃបានរយៈពេល៣ថ្ងៃឮក៏ឮសំឡេងគ្រាប់ផ្លោងរបស់វៀតណាមជាច្រើនគ្រាប់ធ្លាក់នៅក្បែរៗកន្លែងខ្ញុំស្នាក់នៅ។

នៅពេលដែលខ្ញុំដើរទៅដងទឹកពីក្នុងព្រៃ ស្រាប់តែឃើញកងទ័ពវៀតណាមជាច្រើននាក់ចងអង្រឹងដេកតាមមាត់ព្រែក។ កងទ័ពវៀតណាមម្នាក់បានស្រែកប្រាប់ខ្ញុំថា «ឪៗដងទឹកឲ្យលឿន» ប៉ុន្តែខ្ញុំមិនបានឆ្លើយតបឡើយ រួចហើយក៏ត្រឡប់ចូលក្នុងភូមិវិញ។ អំឡុងពេលនោះ ខ្ញុំបានឮកងទ័ពពីរនាក់ទៀតបានជជែកគ្នាថា កងទ័ពរបស់ ប៉ុល ពត បានចូលទៅប្រយុទ្ធគ្នានៅខេត្តតៃនិញ ប្រទេសវៀតណាម។ ពេលខ្ញុំឮដូច្នេះក៏ប្រញាប់ប្រញាល់មកកងវិញ ហើយខិតខំប្រឹងប្រែងធ្វើការបន្ថែមទៀត។ ក្រុមរបស់ខ្ញុំបានខិតខំធ្វើការអស់រយ:ពេល៣ខែទើបហើយរួចរាល់ និងបានត្រឡប់មកផ្ទះវិញមុនគេ។

នៅពេលខ្ញុំមកដល់ផ្ទះបានមួយរយៈ ខ្មែរក្រហមជម្លៀសប្រជាជននៅក្នុងភូមិទាំងអស់ឲ្យទៅខេត្តភាគពាយ័ព្យ។ ស្របពេលនោះ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានជិះសេះមកប្រាប់ប្រជាជន មិនឲ្យបន្តដំណើរទៅមុខទៀត។ ចាប់តាំងពីពេលនោះមក ប្រជាជនបានត្រឡប់មករស់នៅតាមផ្ទះ និងធ្វើស្រែចម្ការ ព្រមទាំងមានការប្រគុំតន្រ្តី និងច្រៀងកម្សាន្តនៅតាមវត្ត៕សរន


 ផ្ទះរបស់ប្រជាជននៅឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)