ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នាព្រលប់ថ្ងៃទី២០ ធ្នូ កម្ពុជាដែលបើកទ្វារផ្ទះទទួលភ្ញៀវហ្វីលីពីននោះ ម្ចាស់ផ្ទះកម្ពុជារកបាន ៣ ពិន្ទុមុនគេ។

ការប្រកួត ដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ពានរង្វាន់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញតែម្ដង។

ការប្រកួតចាប់ផ្ដើមបាន ២០នាទីក្រុមជម្រើសជាតិកម្ពុជា បាននាំមុខហ្វីលីពីន ២គ្រាប់ ដែលធ្វើបានសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០ មុនកីឡាករហ្វីលីពីន Kenshiro Michael Lontok Daniels រកបាន ១គ្រាប់វិញ នៅនាទី៤១។
៤៥នាទី នៃតង់ទី១ ក្រុមកម្ពុជា នាំមុខហ្វីលីពីន ២ទល់១។

ចូលដល់តង់ទី២ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ របស់ហ្វីលីពីនដដែលនេះ Kenshiro Michael Lontok Daniels រកបានមួយគ្រាប់តាមស្មើ
ក្រុមម្ចាស់ផ្ទះ ២ទល់២ វិញ នៅនាទី៥៥។
ប៉ុន្ដែនៅនាទី៥៩ កីឡាករ រ៉ឹង ប៊ុនហៀង បានបន្ថែមគ្រាប់នាំមុខជាថ្មី ឲ្យកម្ពុជាវិញ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះ ក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីអាជ្ញាកណ្ដាល ផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា បានយក ឈ្នះហ្វីលីពីន ៣ទល់២។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ឈរកំពូលតារាងពូលA បណ្ដោះអាសន្ន មុនធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី នាថ្ងៃទី២៣ ខែធ្នូ ខាងមុខ។

បន្ទាប់មក ទើបកម្ពុជា ត្រូវបើកទ្វារផ្ទះជាថ្មីទទួលក្រុមជម្រើសជាតិព្រុយណេវិញ នាថ្ងៃទី២៩ ខែធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕/V-PC