ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករឃីកបុកស៊ីង ( Kickboxing ) កម្ពុជាដែលចូលរួម
ប្រកួតក្នុងព្រឹត្តិការណ៍ Asian Kickboxing Championships 2022 នៅប្រទេសថៃនោះបានវិលត្រឡប់មកវិញហើយ កាលពីថ្ងៃទី២០ ធ្នូ ម្សិលមិញនេះ។

ព្រឹត្តិការណ៍ប្រកួតជើងឯក កីឡាឃីកបុកស៊ីងទ្វីបអាស៊ី បានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកកប្រទេសថៃ ដោយមាន ១៨ប្រទេស ក្នុងនោះក្រុមអត្តពលិកឃីកបុកស៊ីងកម្ពុជា ដណ្ដើមបានមេដាយចំនួន ១២គ្រឿង រួមមាន មេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធ ៥ គ្រឿង។

ចំពោះ មេដាយមាស ២ គ្រឿង កីឡាករ ភួន ឡាំងកូស៊ីន ប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម ដណ្ដើមបានមេដាយមាស ១ គ្រឿង និងកីឡាករ សុខ រិទ្ធ ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាម ដណ្ដើមបានមេដាយមាស ១ គ្រឿង។

ចំពោះមេដាយប្រាក់ ៥ គ្រឿង រកបានដោយកីឡាករ ឈឿង ល្វៃ ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម កីឡាករ ប៊ន ពន្លឹក ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាម កីឡាករ ទិត សោភ័ណ្ឌ ប្រភេទទម្ងន់ក្រោម ៧១ គីឡូក្រាម, កីឡាករបឺត សង្ឃឹម, កីឡាករ សៃនីសៃណេត ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាម និងកីឡាករ ទូច រ៉ាឆាន់ ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម។

រីឯមេដាយសំរិទ្ធ ៥ គ្រឿងវិញ ដូចជា កីឡាករ លី លីសាន ប្រភេទទម្ងន់ក្រោម ៥២គីឡូក្រាម កីឡាករ វន គឹមចេង ប្រភេទទម្ងន់ក្រោម ៥៤ គីឡូក្រាម កីឡាករ ភ័ណ្ឌ ចន្ទី ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម កីឡាករ សាន រ៉ាគឹម ប្រភេទទម្ងន់ក្រោម ៦៣,៥០ គីឡូក្រាម និងកីឡាករ ម៉េត បូរិន ប្រភេទទម្ងន់ក្រោម ៦៣,៥០ គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺនអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានកិត្តិយស សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិ បានទៅស្វាគមន៍ ចំពោះការវិលត្រឡប់មកវិញ របស់ក្រុមកីឡាករនេះ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕/V-PC