ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២០ ធ្នូម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានប្រជុំជាមួយគណៈកម្មការជំនាញទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីសម្រួលរៀបចំឡើងវិញ។

នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍របស់ CAMSOC បានផ្តល់អនុសាសន៍ និងណែនាំនូវចំណុចខ្វះខាតដោយផ្តោតសំខាន់លើកន្លែងស្នាក់នៅ ហូបចុក បដិសណ្ឋារកិច្ច និងលើទីលានប្រកួត សូមធ្វើឱ្យមានភាពជាក់លាក់ និងទាន់ពេលវេលា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថាៈ នៅចុងខែធ្នូ ឆ្នាំ២០២២ នេះ គណៈអចិន្រ្តៃយ៍ CAMSOC នឹងចុះត្រួតពិនិត្យរួមជាមួយ គណៈកម្មការចម្រុះ ពិនិត្យកន្លែងស្នាក់នៅ ហូបចុក វាយតម្លៃចុងក្រោយ ដើម្បីទទួលបាននូវភាពកក់ក្តៅ ជូនភ្ញៀវ និងប្រតិភូកីឡា ចូលរួមប្រហែលជា ៦ ទៅ ៧ ពាន់នាក់។

ជាមួយគ្នានេះ លោកបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាសន៍ណែនាំ ឱ្យគណៈកម្មការជំនាញ ធ្វើការងារឱ្យបានម៉ត់ចត់ ចាប់ពីខែមករាតទៅ ដោយធ្វើការរួមគ្នានៅក្នុងមជ្ឍមណ្ឌលបញ្ជាការរួមមួយ នៅពហុកីឡដ្ឋានមរតកតេជោ (Games Operation Centre) គឺយើងត្រូវធ្វើគ្រប់ជំនាញទាំងអស់ គ្រប់គណៈកម្មការទាំងអស់ ចាប់ពីខែ១ ខែ២ ខែ៣ តទៅ ដើម្បីសម្រួលដល់ការរៀបចំព្រឹត្តិការណ៍ជាតិ ដែលយើងត្រូវតែរួមគ្នាធ្វើ និងមានពេលវេលាច្បាស់លាស់ គ្រប់ផ្នែកទាំងអស់ ដោយមន្រ្តីថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ដែលជាប់ពាក់ព័ន្ធ ដែលកំពុងមប្រើការងារស្នូល នៅក្រសួងស្ថាប័នទាំងអស់ ត្រូវដាក់លិខិតស្នើសុំការអនុញ្ញាតមកបំពេញការងារ នៅក្នុង Camsoc ឱ្យបានទៀងទាត់។

លោកបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការជំនាញនីមួយៗ គឺបានធ្វើការងារបានល្អ និងសម្រេចបានពី ៧០ ទៅ ៨០ ភាគរយ គ្រាន់តែត្រូវបន្តធ្វើឱ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀតប៉ុណ្ណោះ ដើម្បីឱ្យព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តនេះ ទទួលបានជោគជ័យប្រកបដោយមោទនភាពជាតិ៕/V-PC