ដោយ: បូកគោ / កំពត: សាខាកាកបាទក្រហមខេត្តកំពត កាលពីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ១.៥៤១ គ្រួសារ ស្ថិតក្នុងសង្កាត់ទាំង ៣ នៃក្រុងបូកគោ។
ថ្លែងក្នុងពិធីជួបជាមួយ ប្រជាពលរដ្ឋរងគ្រោះ លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តកំពត បានមានប្រសាសន៍ថាៈ ក្នុងនាមសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា លោកសូមចូលរួមសោកស្តាយ និងរំលែកក្តីទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋ ដែលរងការខូចខាតលំនៅស្ថាន និងទ្រព្យសម្បត្តិផ្សេងៗ ដោយសារខ្យល់កន្ត្រាក់នោះ។ ពិតណាស់ថា អំណោយដែលសាខាកាកបាទក្រហម ផ្តល់ជូននាពេលនេះ មានចំនួនតិចតួច តែអាចជួយដោះស្រាយការលំបាកបានមួយគ្រា។ លោក ម៉ៅ ធនិន បានផ្តាំផ្ញើថាៈ ក្នុងដំណាក់កាល ដែលធម្មជាតិប្រែប្រួល យ៉ាងឆាប់រហ័ស ដូចសព្វថ្ងៃ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដើម្បីបញ្ចៀសនូវគ្រោះធម្មជាតិ ជាយថាហេតុ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រនៃក្រុងបូកគោ បានទទួលរងនូវគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាត លំនៅស្ថាន ប្រជាពលរដ្ឋ ចំនួន១.៥៤១ខ្នង ក្នុងនោះ ក៏មានការខូចខាតសាលា ៩ ខ្នង កុដិព្រះសង្ឃមួយខ្នង និងលិចទូកនេសាទ ចំនួន ៤ គ្រឿងផងដែរ៕/V/R