ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកអ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកស្រី ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ បានធ្វើពិធីប្រគល់ផ្ទះមនុស្សធម៌ទី៩ របស់ខ្លួន ជូនដល់គ្រួសារ លោក ស៊ុត សុភី អាយុ៥៥ឆ្នាំ មានបន្ទុកគ្រួសារចំនួន ៣នាក់ (ស្រី២នាក់) រស់នៅភូមិកណ្តាល ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។

លោក-លោកស្រី សមាជិកគណៈកម្មាធិការសាខា ប្រធានកិត្តិយសអនុសាខា ប្រធានគណៈកម្មាធិការអនុសាខា តំណាងការិយាល័យ ជុំវិញរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋចំនួន ៤៥ នាក់ ក៏បានចូលរួមក្នុងពិធីនេះដែរ។

សូមបញ្ជាក់ថា ស្រុកព្រះនេត្រព្រះ ជាស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានទទួលផ្ទះមនុស្សធម៌ពីសាខា ចំនួន ៣ ខ្នង គិតត្រឹមពេលនេះ ។ ក្នុងនោះ ផ្ទះទីមួយ ជាផ្ទះសាងសង់ពីឈើប្រក់ស័ង្កសី ក្រាលក្តារ ជូនស្រ្តីមមេម៉ាយចាស់ជរា ឈ្មោះ ប៊ុ វ៉ើយ រស់នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ផ្តល់ជូនកាលពីឆ្នាំ២០១៨ ផ្ទះទីពីរ សាងសង់ពីឈើ ដូចនឹងផ្ទះទីមួយដែរ ហើយបានផ្តល់ជូនគ្រួសារស្រ្តីមេម៉ាយក្រីក្រ ឈ្មោះ វ៉ាន់ ស្រីនាង កាលពីឆ្នាំ២០១៩ រស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ និងផ្ទះទីបី សាងសង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី បាតចាក់សាប ជាប្រភេទផ្ទះតៀម។

ក្នុងពិធីនោះ លោក អ៊ុំ រាត្រី បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋជួបការលំបាក ហើយបានលើកសំណើមកជូន សាខា ដើម្បីដោះស្រាយទាន់ពេលវេលា ដោយមិនគិតពី និន្នាការនយោបាយ ពូជសាសន៍ ព័ណ៌សម្បុរ និងសាសនាអ្វីឡើយ។

លោកប្រធានបានបន្ថែមទៀតថាៈ សាខាមានផែនការសាងសង់ផ្ទះ ជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ ក៏មាន ២ខ្នង ក្នុងមួយឆ្នាំៗដែរ សូមឱ្យអនុសាខាផ្សេងទៀត សម្លឹងមើលគ្រួសារ ដែលមានជីវភាពខ្វះខាត ដោយមិនអាចមានលទ្ធភាព សាងសង់ផ្ទះ ដោយខ្លួនឯងបាន សូមលើកសំណើមកសាខា សាខានឹងចុះទៅពិនិត្យដោយផ្ទាល់ បើត្រូវតាមល័ក្ខខណ្ឌដែលសាខាបានកំណត់ នោះសាខាសាងសង់ឱ្យភ្លាម ។

ក្នុងពិធីនេះដែរ សាខាកាកបាទក្រហមកម្ពុជា បាននាំមកនូវសម្ភារៈមួយចំនួន មកប្រគល់ជូនគ្រួសារម្ចាស់ផ្ទះ រួមមាន អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ធុងទឹក៦០លីត្រ១, កន្ទេលជ័រ១, ឆ្នាំង២, ស្លាបព្រា៥, ចាន៥, មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត២, និងថវិកាផ្ទាល់របស់លោកស្រី ជ័យ ណារី មួយចំនួន ផងដែរ ។ ចំណែកលោកយាយ ចូលរួមក្នុងកម្មវិធី ទទួលបានសារុងម្នាក់១ ពីអនុសាខាស្រុកព្រះនេត្រព្រះ ឯលោកតា ទទួលបានអាវយឺត ២និងក្រមា១ ពីសាខាកាកបាទក្រហមខេត្ត ៕/V/R