ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រោម កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឱ្យងើប ឡើងកាន់តែមានភាពធន់បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនាពេលថ្មីៗ នៅថ្ងៃនេះកម្ពុជា​បានទទួលការទ្រទ្រង់ ដោយឥណទានចំនួន ២៧៤លានដុល្លារអាមេរិកថែមទៀត ពីធនាគារ​ពិភពលោក សម្រាប់ប្រតិបត្តិការ គោលនយោបាយកំណើនសេដ្ឋកិច្ច​និងអភិវឌ្ឍន៍ភាពធន់របស់កម្ពុជា។

ហិរញ្ញប្បទានដែលទើបនឹងត្រូវ បានក្រុមប្រឹក្សានាយកប្រតិបត្តិ​របស់ធនាគារពិភពលោក​អនុម័តរួច នឹងជួយដល់កំណែទម្រង់ សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់​របស់​កម្ពុជា។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រង របស់ធនាគារពិភពលោក ប្រចាំកម្ពុជា បានមានប្រសាសន៍ថាៈ ខណៈដែលយុទ្ធសាស្ត្រ ” រស់ជាមួយកូវីដ-១៩” បានជួយស្ដារ​សេដ្ឋកិច្ចឱ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែ កម្ពុជា​នៅតែងាយរងគ្រោះដោយសារ​តែចរន្ត​ធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ។

លោកស្រី បានបញ្ជាក់ថាៈ ” ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការ ជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និង ផ្ដល់ជំនួយដល់ ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន”។

សេដ្ឋកិច្ចរបស់កម្ពុជា បានរងការខូចខាតធ្ងន់ធ្ងរ ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយ​ធ្វើឱ្យផលិតផល ក្នុងស្រុកសរុបបានធ្លាក់ចុះដក ៣,១ ភាគរយ ក្នុងឆ្នាំ ២០២០ ដែលជាការ​ធ្លាក់​ចុះដ៏ខ្លាំងលើកដំបូង ក្នុង រយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។ ការវិភាគទិន្នន័យ បាន​បង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើង ចំនួន ២,៨​ ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០.០០០ នាក់ ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ រដ្ឋាភិបាល បានឆ្លើយតបយ៉ាងរហ័ស និង ប្រកបដោយប្រសិទ្ធភាព ទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធ មានការកើនឡើង រដ្ឋាភិ បាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធនឱ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត។

បើទោះជាសេដ្ឋកិច្ច បានងើបឡើងវិញ នៅឆ្នាំ២០២១ និង ២០២២ មែនក្តី បរិយាកាស ចុះ​ខ្សោយនៅខាងក្រៅ​ មានន័យថា លទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំ ដែល ធ្លាប់មាន នៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ។ សង្គ្រាមដែលនៅ​តែ​បន្តមាន ក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះ នៃសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក  ដែលជា ទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា  និងកំណើនយឺតនៅ ក្នុងប្រទេសចិន កត្តាទាំងអស់ នេះ នឹងជះឥទ្ធិពលមិនល្អ មកលើទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា។ ប្រទេសនេះ ក៏ងាយរងគ្រោះខ្លាំង ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវ ប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួត ញឹកញាប់។

ហិរញ្ញប្បទាននេះ ទ្រទ្រង់ដល់កំណែទម្រង់ ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការ ប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ​សម្រាប់សហគ្រាស ធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀត នឹងបង្កើនភាពធន់ នៃសារពើពន្ធ រួមទាំង​ការកែ​លម្អការគ្រប់គ្រងភាពជាដៃគូ រវាងផ្នែកសាធារណៈ និងឯកជន និងការសម្រួលដល់ ការលក់ប័ណ្ណបំណុល របស់រដ្ឋាភិបាល ក្នុងទីផ្សារក្នុងស្រុក។

ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ ក៏នឹងជួយសម្រួល ដល់ការផ្ដល់ជំនួយ ទាន់ពេលវេលា ដល់ក្រុមគ្រួសារ ដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋ​កិច្ច ណាមួយកើតឡើង។

ធនាគារពិភពលោក បានអះអាងថាៈ ហិរញ្ញប្បទាននេះ ឈរលើផែនការរបស់រដ្ឋាភិបាល សម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណងទូលំ​ទូលាយបី គឺការស្ដារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើ ហិរញ្ញប្បទាន ចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់គម្រោងពាក់ព័ន្ធ នឹងការស្តារ និងបន្សាំសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានអនុម័ត នៅក្នុងឆ្នាំ២០២១។

ហិរញ្ញប្បទាននេះ នឹងជួយសម្រាល សម្ពាធផ្នែកសារពើពន្ធខ្លះ ដែលរដ្ឋាភិបាល កំពុងជួប ប្រទះ ដោយសារមានឱនភាព ដែលគួរសមដែរ នៅក្នុងប៉ុន្មានឆ្នាំនេះ។ ឥណទានចំនួន ២៧៤ លានដុល្លារអាមេរិកនេះ ត្រូវបានផ្ដល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ ធនាគារពិភពលោក សម្រាប់ជួយដល់ប្រទេសក្រីក្រ៕ N/V