ដោយ: កាំពី / ក្រចេះ: អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ្ លក់គោយន្ដ និងគ្រឿងបន្លាស់ យ៉ាងសន្ធោសន្ធៅ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ ស្ថិតនៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយខូចខាតទ្រព្យសម្បិត្ត គិតជាទឹកប្រាក់ប្រមាណជាង ៥ ម៉ឺនដុល្លារអាម៉េរិក ហើយអគ្គិភ័យនេះ បានត្រូវសមត្ថកិច្ច ដាក់ការសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នាំឱ្យទុស្សេខ្សែភ្លើង ។

ក្នុងហេតុការណ៍អគ្គិភ័យ កាលពីយប់មិញនោះ គេសង្កេតឃើញ វត្តមានលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ចុះបញ្ជាកម្លាំងជួយអន្តរាគមន៍ ពន្លត់ដោយផ្ទាល់ផងដែរ។

លោក សាម ណាល់ អភិបាលស្រុកស្នួល បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២១ នេះថាៈ អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ លក់គោយន្ដ ចំនួន១ផ្ទះ និងប៉ះពាល់ដល់ផ្ទះពលរដ្ឋ ចំនួន ២ ទៀត នៅសងខាង តែប៉ះតិចតួច។ ចំណែកផ្ទះលក់គោយន្ដ ខូចខាតទ្រព្យសម្បិត្ត គិតជាទឹកប្រាក់ប្រមាណជាង ៥ ម៉ឺនដុល្លាអាមេរិក។

លោកបានបន្តទៀតថាៈ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថកិច្ច បានប្រើរថយន្ត ពន្លត់អគ្គិភ័យ ចំនួន ៥ គ្រឿង ដើម្បីជួយពន្លត់ ហើយបានយកអេសស្កាវ៉ាទ័រ កាយ ដំបូលចេញ ទើបបាញ់ទឹករលត់ រហូតទល់នឹងម៉ោង ២ និង៣០ នាទី ទៀបភ្លឺឈាន ចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដោយប្រើប្រាស់ទឹក សរុបចំនួន ១៥ រថយន្ត ទើបរលត់ជាស្ថាពរ៕ V / N