ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារទី២០ធ្នូ បានអបអរសាទរប្រទេសកាតា និង “មិត្តរបស់គាត់” គឺប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតា អាល់ ស៊ីស៊ី (Abdel Fattah al-Sisi) សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍វើលខាប់ និងកិច្ចប្រជុំអាកាសធាតុ COP27 ដោយប្រថុយនឹងការរិះគន់នៅក្នុងស្រុក។
លោកបាននិយាយនៅឯកិច្ចប្រជុំកំពូលមជ្ឈិមបូព៌ានៅឯភូមិស្វៃមេ (Sweimeh) ដែលជារមណីយដ្ឋានមួយនៅច្រាំងសមុទ្រមរណៈ (Dead Sea) ក្នុងប្រទេសហ្ស៊កដានីថា”នៅពេលយើងបញ្ចប់ការប្រកួតវើលខាប់ ដែលធ្វើជាលើកដំបូងនៅក្នុងពិភពអារ៉ាប់ហើយដែលបានធ្វើឡើងក្នុងប្រទេសកាតា ខ្ញុំសូមអបអរសាទរពួកគេ”។
លោកម៉ាក្រុងបាននិយាយដោយសំដៅដល់សន្និសីទអាកាសធាតុ COP27ថា “ខ្ញុំសូមអបអរសាទរមិត្តរបស់ខ្ញុំគឺលោកប្រធានាធិបតីស៊ីស៊ី ពីព្រោះទីក្រុងសាមអែលសេក (Sharm el-Sheikh) បានទទួលជោគជ័យក្នុងការនាំពិភពលោករួបរួមគ្នា និងដោះស្រាយបញ្ហានៃការបាត់បង់និងការខូចខាត ដែលជាគន្លឹះពិតប្រាកដ”។
លោកបានបន្ថែមថា “កិច្ចប្រជុំ COP លើកក្រោយនឹងធ្វើឡើងនៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលបង្ហាញថាតើតំបន់នេះកំពុងក្លាយជាចំណុចកណ្តាលនៃការទូតខ្លាំងកម្រិតណា”។
COP27បានបញ្ចប់ជាមួយនឹងការអនុម័តអត្ថបទចម្រូងចម្រាសខ្លាំងស្តីពីជំនួយដល់ប្រទេសក្រីក្រដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុប៉ុន្តែក៏បរាជ័យក្នុងការកំណត់មហិច្ឆតាថ្មីសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។
លោកម៉ាក្រុងត្រូវបានក្រុមប្រឆាំងបារាំងរិះគន់យ៉ាងខ្លាំងចំពោះការទៅប្រទេសកាតាពីរដងដើម្បីគាំទ្រក្រុមជម្រើសជាតិបារាំង និង សម្រាប់ការសរសើរអ្នករៀបចំព្រឹត្តិការណ៍នេះ។
ប្រទេសកាតាបានប្រឈមមុខនឹងការរិះគន់ពីអន្តរជាតិជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន និងផលប៉ះពាល់បរិស្ថាននៃកីឡដ្ឋានម៉ាស៊ីនត្រជាក់ក្នុងព្រឹត្តិការណ៍វើលខាប់ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។
រដ្ឋឈូងសមុទ្រពែក្ស ដែលសម្បូរឧស្ម័ននេះ ក៏ជាចំណុចកណ្តាលនៃការស៊ើបអង្កេតលើការចោទប្រកាន់អំពើពុករលួយដ៏ល្បីនៅសភាអឺរ៉ុបផងដែរ៕
លោកម៉ាក្រុងចូលរួមកិច្ចប្រជុំកំពូលមជ្ឈិមបូព៌ានៅឯភូមិស្វៃមេរបស់ហ្ស៊កដានីកាលពីថ្ងៃអង្គារ