​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ រដ្ឋមន្ត្រី​ការពារជាតិ​ប៉ា​គី​ស្ថាន​បាន​និយាយថា កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន​បាន​ដណ្តើម​យក​វិញ​នូវ​ប៉ុស្តិ៍​ប៉ូលិស​មួយ ដែល​ត្រូវបាន​ដណ្តើម​យក​ដោយ​ពួក​អ្នកទោស​​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ៣៣ នាក់​។​

​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​មកពី​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​ដណ្តើម​យក​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ស្រុក​ដាច់ស្រយាល បាន​នូ (Bannu) នៅ​ភាគ​ពាយព្យ​កាលពី​ថ្ងៃអាទិត្យ​។​មនុស្ស​ជាច្រើន​នាក់​រួមទាំង​មន្ត្រី​សន្តិសុខ​នៅក្នុង​ប៉ុស្តិ៍​ប៉ូលិស​នោះ​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​នៅពេល​ជនល្មើស​ទាមទារ​បើកផ្លូវ​អោយ​ពួកគេ​ទៅកាន់​ព្រំដែន​អា​ហ្វ​ហ្គាស​នី​ស្ថាន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​លោក ខា​វ៉ា​ចា មូហា​ម​ម៉េ​ត អាស៊ី​ហ្វ (Khawaja Muhammad Asif)​បាន​និយាយថា ចំណាប់ខ្មាំង​ទាំងអស់​ត្រូវបាន​រំដោះ កងកម្លាំង​ពិសេស​ពីរ​នាក់​ត្រូវបាន​សម្លាប់ និង​សមា​​ជិក​យោធា​ពី ១០ ទៅ ១៥ នាក់​បាន​រងរបួស​។​

​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន ដែល​គេ​ស្គាល់​ថា TTP​បានបញ្ជាក់​ថា ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​ក្រុម​នេះ​បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន បន្ទាប់​ពី​បញ្ចប់​បទ​ឈប់​បាញ់​ជាមួយ​រដ្ឋាភិបាល​កាលពី​ខែ​មុន​។ ភាគី​ទាំងពីរ​បាន​ជាប់គាំង​ក្នុង​ជម្លោះ​អស់​ជាច្រើន​ឆ្នាំ​។​

​ក្រុម​នេះ​បាន​លេចឡើង​ក្នុង​ឆ្នាំ ២០០៧ ហើយ​ត្រូវ​បាន​បង្ក្រាប​ដោយ​ប្រតិបត្តិការ​យោធា​ក្នុង​ឆ្នាំ ២០១៤ មុន​ពេល​លេចឡើង​ម្តងទៀត​។​

​ក្រុម TTP​គឺ​ដាច់ដោយឡែក​ពី​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គានី​ស្ថាន ទោះ​យ៉ាងណា​ពួកវា​កាន់តែ​សកម្ម​ចាប់តាំងពី​អា​ហ្វ​ហ្គានី​ស្ថានបាន​យល់ព្រម​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ២០២០ និង​បាន​កាន់កាប់​ប្រទេស​កាលពី​ឆ្នាំមុន​។ ក្រុម​ទាំង​ពីរ​ចែករំលែក​មនោគមវិជ្ជា​អ៊ីស្លាម​និយម​ដូចគ្នា​៕

​មន្ត្រី​សន្តិសុខ​ប៉ា​គី​ស្ថាន​យាម​ទ្វារ​មួយ​នៅ​ផ្លូវ​ឆ្ពោះទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស